អាង​ខ្លួន​ជា​យោធា គ្មាន​ទំនួល​ខុសត្រូវ កិន​ក្មេងស្រី​របួសធ្ងន់ សម្ងំ​ពួន​អាត្មា​យកសុខ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង : ក្មេងស្រី​ម្នាក់​រងរបួស​ធ្ងន់​ដោយសារ​ត្រូវ​មន្ត្រី​យោធា​គ្មាន​មេត្តា​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​ពីក្រោយ ខណៈដែល​នាង​កំពុង​ជិះ​កង់​លើ​ថ្នល់ជាតិ​កាល​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១០ តុលា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​សាលារៀន​អ្នកតា​ពោធិ៍ ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។


​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ បៀ​ន នួន អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៣ និង​មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ​ខាងលើ​។ នៅ​មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ​បាន​ជិះ​កង់​នៅលើ​ផ្លូវជាតិ ដោយ​ជិះ​ពី​លិចទៅ​កើត លុះ​ជិះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ដោយ​មន្ត្រី​ម្នាក់ ដែលមាន​ឯកសណ្ឋាន​យោធា និង​មាន​ពាក់​អាវធំ​ពី​ក្រៅ​ផង​នោះ បាន​បើក​មក​បុក​ក្មេងស្រី​ពីក្រោយ ដែល​កំពង់តែ​ជិះ​កង់​តែម្នាក់ឯង​បណ្តាល​ឲ្យ​ដួល​បោក​ទៅលើ​ថ្នល់ជាតិ ហើយ​ត្រូវ​ម៉ូតូ​នោះ​កិន​ជាន់​ពីលើ​ថែមទៀត បណ្តាលឱ្យ​ក្មេងស្រី​រងរបួស​ធ្ងន់ ចំណែក​ម៉ូតូ​មិនមាន​ដួល​អ្វី​ឡើយ តែ​អ្នកបើក​ម៉ូតូ​ដែល​អាចជា​មន្ត្រី​យោធា ព្រោះ​ស្លៀក​ឯកសណ្ឋាន​យោធា​នោះ បាន​ឈប់​ហើយ​ចុះ​ពិនិត្យមើល​ម៉ូតូ​របស់ខ្លួន ក្រែង​មាន​ខូចខាត​បន្ទាប់មក​ក៏​ឡើង​ជិះ​ម៉ូតូ​ទៅ​បាត់​ធ្វើ​ព្រងើយ ដោយ​ទុកឱ្យ​ក្មេងស្រី​រងគ្រោះ​ដេក​សន្លប់​ស្តូកស្តឹង​ជាមួយ​របួស​មាន​ឈាម​ហូរ​ជោក​ខ្លួន​។​


​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន និយាយថា ពួកគាត់​មិន​ហ៊ាន​ឃាត់​មន្ត្រី​យោធា​រូប​នោះទេ ព្រោះ​គេ​ជា​យោធា​ហើយក៏​បណ្តោយឱ្យ​មន្ត្រី​យោធា​អសីលធម៌​នោះ​ជិះ​ម៉ូតូ​បន្តដំណើរ​ទៅមុខ​ទៅមុខទៀត​ទៅ ចំណែក​ពួកគាត់​និង​អាណាព្យាបាល​បានត្រឹមតែ​ប្រញាប់​ដឹក​ជនរងគ្រោះ​មក កាន់​មន្ទីរពេទ្យ​តែប៉ុណ្ណោះ​។​


​ក្រោយពេល​មកដល់​មន្ទី​រ​ពេទ្យ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ព្រោះតែ​ពោះ​របស់​ក្មេងស្រី​រងគ្រោះ​ចេះតែ​ហើម​ឡើង​ធំ​ទៅៗ ដែល​អាច​ប៉ះពាល់​ដល់​គ្រឿងក្នុង​គ្រូពេទ្យ​ខេត្ត​ក៏​រៀបចំ​ឯកសារ​បញ្ជូនបន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព​ទ្យ​ក្នុង​រាជធានី​ភ្នំពេញ​តែម្តង​។ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​សុំ​ឲ្យ​សមត្ថកិច្ច​មេ​តា្ត​ជួយ​ស្រាវជ្រាវ​តាមរក​មន្ត្រី​យោធា​ដែល​បង្ក​គ្រោះថ្នាក់​ខាងលើនេះ ដើម្បី​យកមក​ឱ្យជួយ​ទទួលខុសត្រូវ​នូវ​អំពើ​របស់​មន្ត្រី​រូបនោះ​ផង​៕

13-10-2014

 

Leave a Reply

(*) Required, Your email will not be published