ហេតុផល ១០​យ៉ាង​ដែលនាំឱ្យ​អាជីវកម្ម​ថ្មីថ្មោង​ឆាប់​ដួលរលំ​ទៅវិញ​

, , Leave a comment

​ប្រិយមិត្ត​ពិតជា​ធ្លាប់​ឃើញ​ក្រុមហ៊ុន​មួយចំនួន បាន​បើក​អាជីវកម្ម​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ដួលរលំ​ទៅវិញ​ទាំង​មិនដឹង​មូលហេតុ​។ នេះ​ច្បាស់​ថា​មាន ករណី​ជាច្រើន​នៅ​ពីក្រោយ​ភាពបរាជ័យ​នេះ ដែល​តម្រូវ​ឲ្យ​សហគ្រិន​ទូទៅ ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​មុន និង​អំឡុងពេល​បើក​អាជីវកម្ម​តំបូង​របស់ខ្លួន​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​សំខាន់ៗ​ដែល​គេ​រកឃើញថា ជា​បុព្វហេតុ​នាំ​ឲ្យ​អាជីវកម្ម​ក្មេងខ្ចី​ដួលរលំ​៖

1402293350bigstock

១) គ្មាន​គម្រោង​អាជីវកម្ម​
​បើសិនជា​អ្នក​មិនដឹងថា អ្នក​ទៅ​ទីណា តើ​អ្នក​អាច​ទៅដល់​គោលដៅ​របស់​អ្នក​ដូច​ម្តេចទៅ​? មាន​អាជីវករ និង​សហគ្រិន​មិន​មិនតិច​ឡើយ​ដែល​បាន​បើក​អាជីវកម្ម​របស់ខ្លួន​ដោយ​មិន បាន​សរសេរ​គម្រោង​ច្បាស់លាស់​។ អាជីវក​រទាំង​នោះបាន​ចាប់ផ្តើម​បើកទ្វារ​របស់ខ្លួន​ដោយ​រំពឹង​ទទួល បាន​ជោគជ័យ​មកវិញ ដែល​នេះ​ជាការ​យល់​ខុស​ទាំងស្រុង​។ សូម​ចាប់ផ្តើម​ចំណាយ​ពេលវេលា​ណាមួយ​របស់​អ្នកសរសេរ​គម្រោង​ឡើងវិញ ហើយ​ពិនិត្យ​វា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​

២) ប្រាក់​បំរុង​ទុក​មិន​គ្រប់គ្រាន់​
​អាជីវកម្ម​ក្មេងខ្ចី​មួយចំនួន​បើក​ដំណើរការ​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​អស់​លុយ​ដំណើរការ​ទៅមុខ​លែងរួច​។ នេះ​ក៏​ដោយសារតែ​អាជីវករ ឬ​សហគ្រិន​ទាំងនោះ​មិនមាន​ទុនបម្រុង​ទុកជាមុន​សម្រាប់​រយៈពេល ២ ឬ​៣​ខែ​ដំបូង ឬមួយ​ឆ្នាំ​ដំបូង​។ អ្នក​ត្រូវ​ចាំ​ថា អ្នកត្រូវការ​លុយ​ឲ្យ​គ្រប់​ចំនួន​ដែល​ចាំបាច់​សម្រាប់​បើក​អាជីវកម្ម ដូចជា ទុន​សម្រាប់​ទុក​រក្សា​ស្ថិរភាព​អាជីវកម្ម​ក្នុង​រយៈពេល ២ ឬ ៣​ខែ​ដំបូង និង​ការសរសេរ​គម្រោង​ច្បាស់លាស់​នឹង​ជួយ​បង្ហាញ​ទិសដៅ​អ្នក​ថា តើ​គូរ​ចំណាយលុយ​ទៅលើ​អ្វីខ្លះ​ឲ្យ​មាន​ប្រសិទ្ធភាព​?

៣) ខ្វះ​ការអនុវត្ត​លើ​គោលដៅ​អាជីវកម្ម​
​អាជីវករ ឬ​សហគ្រិន​ភាគច្រើន​សរសេ​រ​គម្រោង​ឡើង​ដើម្បី​ទទួលបាន​ប្រាក់កម្ចី​មួយ ពី​ធនាគារ​។ នៅពេល​ទទួលបាន​ដើមទុន​នេះ​រួចហើយ គម្រោង​អាជីវកម្ម​នោះ​គ្រាន់តែ​ស្ថិតនៅលើ​ក្រដាស​តែប៉ុណ្ណោះ​។ នេះ​ជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​កិច្ចការ​អាជីវកម្ម​។ នៅក្នុង​គម្រោង​អាជីវកម្ម អ្នក​ត្រូវ​សរសេរ​គោលដៅ និង កម្មវត្ថុ​ក្នុង​រយៈពេល ១​ឆ្នាំ​ដំបូង​។ ក្នុង​គម្រោង​អាជីវកម្ម​របស់​អ្នក​ត្រូវ​កំណត់​ពីអ្វី​ដែល​ត្រូវធ្វើ​នៅ ត្រីមាស​នីមួយៗ​ឲ្យ​បានច្បាស់លាស់​ត្រូវ​ច្បាស់​ថា​ក្រុមហ៊ុន ថ្មីថ្មោង​បាន​ដើរ​នៅលើ​ផែនទី​មួយ​ដែល​បាន​គូសវាស​ផ្លូវ​ច្បាស់លាស់​ទើប ប្រសើរ​។​

៤) បរាជ័យ​វាយតម្លៃ​លើ​គោលដៅ និង គោលបំណង​អាជីវកម្ម (Goal and Objective)
​នេះ​ជា​ចំណុច​បរាជ័យ​មួយទៀត​ដែល​សហគ្រិន​ក្មេងខ្ចី​បាន​អនុវត្តតាម គម្រោង​អាជីវកម្ម​របស់ខ្លួន​ហើយ ប៉ុន្តែ​បាន​ថ្លោះធ្លោយ​ក្នុងការ​ស្ទាបស្ទង់ និង វាយតម្លៃ​លើ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​នៅពេល​កន្លងមក​។ ដូច្នេះ វា​ជាការ​ប្រសើរ​ដែល​អ្នក​បាន​ដំណើរការ​អាជីវកម្ម​តាម​គម្រោង​របស់ខ្លួន តែ​អ្នក​ត្រូវ​វាយតម្លៃថា អាជីវកម្ម​នោះបាន​ដំណើរ​ការល្អ​ដល់​កម្រិតណា​ហើយ​?

៥) មិន​យកចិត្តទុកដាក់​លើ​លំហូរ​សាច់ប្រាក់ (Cash Flow)
​ពាក្យ​មួយ​ឃ្លា​នៅក្នុង​អាជីវកម្ម​គឺ «​លុយ​គឺជា​ស្តេច​»​។ ចំណាយ​ច្រើនជាង​ចំណូល មិនយូរ​មិនឆាប់​អាជីវកម្ម​របស់​អ្នកនឹង​ធ្លាក់ទឹក​ជាមិនខាន​។ វា​ជា​រឿង​សំខាន់បំផុត​ដែល​សហគ្រិន​ត្រូវ​ត្រួតពិនិត្យ​លើ​លំហូរ សាច់ប្រាក់​ដែល​ត្រូវ​ទូទាត់ ឬ ចំណាយ ព្រមទាំង​ចំណូល​ដែល​ទទួលបាន​ពី​អាជីវកម្ម​នោះ​។ វា​ជា​រឿង​ធម្មតា​ដែល​អាជីវករ ឬ​សហគ្រិន​ចំណាយ​ប្រាក់​ច្រើន​ក្នុងពេល​ចាប់ផ្តើម​ដំណើរការ​ដំបូង តែ​ស្ថានភាព​នេះ​នឹង​ល្អប្រសើរ​ឡើង​បន្តិច​ម្តងៗ​នៅពេល​ខាងមុខ​។​

៦) ស្វែងយល់​មិន​គ្រប់គ្រាន់​ពី​ទីផ្សារ​
​សហគ្រិន​មួយចំនួន​ហ៊ាន​បើក​អាជីវកម្ម​ទាំង​ខ្លួន​មិនបាន​ស្វែងយល់ គ្រប់​ជ្រុងជ្រោយ​លើ​ទីផ្សារ ពី​តម្រូវការ​អតិថិជន និង​ការ​វិ​វ​ឌ្ឈ​នានា​នៅក្នុង​សង្គម​។ ម្ចាស់​អាជីវកម្ម​ត្រូវ​ដឹងថា ទីផ្សារ​អាជីវកម្ម​រប​ស់​ខ្លួន​នេះ​កំពុងមាន​សន្ទុះ​ទៅមុខ ឬ ធ្លាក់ចុះ​? តើ​នេះ​ជា​ឱកាស​ដែល​ត្រូវ​បើក​អាជីវកម្ម​នេះដែរ​ឬទេ​? តើ​មានការ​ប្រកួតប្រជែង​ដែរឬទេ​? នេះ​ជា​សំណួរ​មួយចំនួន​ក្នុងចំណោម​សំនួរ​ជាច្រើន​ទៀត​ដែល​អាជីវករ​ត្រូវ សួរ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​មុនពេល​បើក​អាជីវកម្ម​របស់ខ្លួន​។​

៧) មាន​ដៃគូ​ប្រកួតប្រជែង​លើ​អាជីវកម្ម​តែមួយ​
​អាជីវកម្ម​ជាច្រើន​បាន​ដួលរលំ​ដោយសារ​មាន​ដៃគូ​ប្រជែង​លើ​អាជីវកម្ម តែមួយ​ដូចគ្នា​។ ការមិន​រក​ឲ្យ​ឃើញ​ពី​ភាពខុសគ្នា​នៃ​សេវាកម្ម តម្លៃ គុណភាព​នៃ​ផលិត​ក្នុង​អាជីវកម្ម នឹងធ្វើ​ឲ្យ​អ្នក​បរាជ័យ នឹង​កាន់តែ​អាក្រក់​ទៅទៀត​ប្រសិនបើ​ដៃគូ​ប្រជែង​នោះ​មានបទពិសោធន៍​ច្រើន ឆ្នាំ​។ គន្លឹះ​ដ៏​ល្អ អ្នក​ត្រូវធ្វើ​ឲ្យ​សេវាកម្ម ឬ ផលិតផល​របស់​អ្នកមាន​ចំណុច​ពិសេស​ជាច្រើន​ខុសពី​ដៃគូ​ប្រជែង​របស់​អ្នក ។​

៨) ខ្សោយ​ខាង​ម៉ា​ឃី​ដ​ធី​ញ ឬ ទីផ្សារ (Marketing)
​កុំ​រំពឹង​ពេក​ថា បើកទ្វារ​ភ្លាម​អតិថិជន​មករក​អ្នក​ភ្លាមៗ​នោះឡើយ​។ ការ​ទុក​ឲ្យ​អាជីវកម្ម​របស់​នៅ​ងាប់​មួយកន្លែង​ដោយ​គ្មាន​អ្នកណា​ដឹង វា​មិន​ខុស​អី​ពី​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​នោះឡើយ​។ ប្រការនេះ ភាពជា​អាជីវករ ឬ​សហគ្រិន​ជំនាញ អ្នក​ត្រូវមាន​យុទ្ធសាស្ត្រ និង​គម្រោង​ទីផ្សារ​ខ្ពស់​(១) ធ្វើការ​ផ្សព្វផ្សាយ​ពី​សេវាកម្ម ឬ ផលិតផល​អាជីវកម្ម​របស់​អ្នក​ទៅកាន់​អតិថិជន និង (២) ពន្យល់​ពី​អត្ថប្រយោជន៍​របស់​អតិថិជន​ពី​អាជីវកម្ម​របស់​អ្នក​។​

៩) មិន​កំណត់​តម្លៃ​ប្រកួតប្រជែង
​ពាណិជ្ជករ​មួយចំនួន​មិនបាន​ទទួល ឬ ស្វែងយល់​ព័ត៌មាន​គ្រប់គ្រាន់​ពី​តម្លៃ​នៃ (១) ការចំណាយ​លើ​ការផលិត​សេវាកម្ម ឬ ផលិតផល និង (២) តម្លៃ​លក់​សេវាកម្ម ឬ តម្លៃ​លក់​ផលិតផលរ​បស់ដៃ​គូប្រកួត​ប្រជែង​។ ករណីនេះ សហគ្រិន​ត្រូវតែ​រកឱ្យឃើញ​ថា ដៃគូ​ប្រកួតប្រជែង​រប​ស់​អ្នក បាន​ចំណាយ​លើ​ការផលិត​តិចតួច​ជាង​អ្នក ខណៈដែល​អាជីវកម្ម​របស់​អ្នកចំណាយ​ផលិត​ច្រើន តែ​លក់​ក្នុងតម្លៃ​ដូចគ្នា​។ នេះ​នឹងធ្វើ​ឲ្យ​អ្នកចាញ់​ប្រៀប​ដៃគូ​របស់​អ្នក ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា​ជាបន្ទាន់​។​

១០) ខ្វះ​ជំនាញ​គ្រប់គ្រង​ធនធានមនុស្ស​
​កង្វះ​ជំនាញ​គ្រប់គ្រង​ធនធានមនុស្ស​ទៅលើ​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន នឹងធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​បរាជ័យ​។ ប្រសិនបើ​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​មួយ ត្រូវបាន​គ្រប់គ្រង​ដោយ​មិន​ស្មើភាព និង​ការគោរព​គ្នា​ទេនោះ​ទេ បរិស្ថាន​ការងារ​ក៏​មិនអាច​ដើរ​រលូន​ទៅបាន​ដែរ​។ ប្រការ​ដែល​ល្អ​ត្រូវ​ជំរុញ​ពួកគេ​ស្វែងយល់​ពី​គុណភាព​ការងារ និង​តម្លៃ​នៃ​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​ផ្សេងៗ​ទៀត​ដោយ​ទំនួល ខុសត្រូវ​នៅក្នុង​ក្រុមហ៊ុន ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នកទទួលបាន​ជោគជ័យ​៕

 

Leave a Reply

(*) Required, Your email will not be published