កីឡាការិនី​ឆ្នើម ស៊ន សៀវ​ម៉ី ឈ្នះ​មេដាយមាស ១​គ្រឿង​នាំ​ឲ្យ​គេ​ស្គាល់​ភ្លេង​ជាតិខ្មែរ​លើកដំបូង​នៅ Asian Games

, , Leave a comment

​ប្រទេស​កូរ៉េ​ ៖ កាលពី ថ្ងៃទី​៣​តុលា​ឆ្នាំ​២០១៤​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​គឺ ស៊ន សៀវ​ម៉ី ឈ្នះ​មេដាយមាស​នៅ Asian Games លើក​ទី​១៧​នៅ​ទីក្រុង​អ៊ី​ន​ឈួន ប្រទេស​កូរ៉េខាងត្បូង ក្រោយ​ប្រកួត​ឈ្នះ​កីឡាការិនី​អ៊ីរ៉ង់​ដោយ​លទ្ធផល​ពិន្ទុ ៧-៤ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រភេទ​​ទម្ងន់​៧៣​គីឡូក្រាម។​ ​ជ័យជំនះ​របស់​កីឡាការិនី​ឆ្នើម ស៊ន សៀវ​ម៉ី នេះ​បានធ្វើ​ឲ្យ​ក្ដី​ស្រ​ម៉ៃ ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា ក្លាយជា​ការពិតហើយ សម្រាប់​ការ​ស្វែង រក​មេដាយ​ក្នុង​ព្រឹត្តិការណ៍ កីឡា​ជើងឯក​អាស៊ី​នេះ បន្ទាប់ពី​ខកខាន​មិនបាន ចូលរួម​ប្រកួត អស់​រយៈ ពេល​៤៤​ឆ្នាំ​មកហើយ​នោះ។​

​ក្រោយពី បាន​ទទួលបាន​មេដាយមាស​ក្នុង​វិញ្ញាសា​តេ​ខ្វាន់​ដូ កីឡាការិនី ស៊ន សៀវ​ម៉ី បាន​និយាយប្រាប់​សារព័ត៌មាន ពី​អារម្មណ៍​សប្បាយរីករាយ​របស់​កញ្ញា ក្រោយពី​បាន​ប្រកួត​ឈ្នះ​គូរ​ប្រកួត​មកពី​ប្រទេស​អ៊ីរ៉ង់ ដែល​កញ្ញា​វាយតម្លៃថា ជា​គូរ​ប្រកួត​ខ្លាំង​«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​នៅពេលដែល​ទទួល​មេដាយមាស​ជូន​ជាតិ ហើយ​ខ្ញុំ​រឹតតែ​សប្បាយ ព្រោះ​ខ្ញុំ​បាន​សងសឹក​អ៊ីរ៉ង់​ជូន​បងស្រី​ខ្ញុំ​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់ ស៊ន សៀវ​ម៉ី ដែលជា​ប្អូនស្រី​ស៊ន ដា​វីន ដែលជា​កីឡាការិនី​តេ​ខ្វាន់​ដូ ដូចគ្នា​។ សៀវ​ម៉ី​បាន​បន្ត​អោយដឹងថា នៅមុន​ការប្រកួត កញ្ញា​មាន​អារម្មណ៍​ភ័យ​ផង និង​អរ​ផង​។​

គួររំលឹកថា​មុននឹង​ឈ្នះ​មេដាយមាស​គឺ​កញ្ញា ស៊ន សៀវ​ម៉ី យកឈ្នះ​កីឡាការិនី​ប្រទេស​ ​អូ​បេ​គី​ស្ថាន ដោយ​លទ្ធផល​ឈ្នះ​ដាច់ ២៩-៧​ពិន្ទុ នៅ​វគ្គ​៨​នាក់​ចុងក្រោយ ហើយក៏ បាន​បន្ត​ ​ទម្លាក់​កីឡាការិនី​ហ្វីលីពីន Elaine បន្តទៀត​ក្នុង​វគ្គ​៤​នាក់ ចុងក្រោយ​ដើម្បី​ឈាន ទៅ​ប្រកួត​ ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​បានឈ្នះ​មេដាយមាស តែម្តង​ដែលជា​មេដាយ​ទី​២​សម្រាប់​សៀវ​ម៉ី ដែល​ឈ្នះ​បាន​ទាំង​មេដាយសំរិទ្ធ មួយគ្រឿង និង​មាស​១​គ្រឿង។​

​នេះ​ជា​ការកែ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ក្នុង​រយៈពេល​៤៤​ឆ្នាំ មកនេះ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់ អាស៊ី​ពី​ការបញ្ជូន កីឡា​៧​ប្រកួត​ស្មើនឹង​អត្ត​ព​លិ​ក​២៣​រូប​ទៅ​ចូលរួម​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​បាន​ចាប់ដំណើរការ ប្រកួត​នា​ថ្ងៃទី​១៩ ខែកញ្ញា និង​បញ្ចប់ ទៅវិញ​នា​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៤ ៕

04-10-2014 (1) 04-10-2014 (2) 04-10-2014 (3)

 

Leave a Reply

(*) Required, Your email will not be published