រាជធានីភ្នំពេញ : គ្រោះថ្នាក់ចរាចរដ៏គួរឱ្យសង្វេគ និងអាសូរទ្រូងម្ដាយយំដូចសត្វអកស្ដាយស្រណោះកូនប្រុស ខណៈដែលរថយន្តដឹកទឹកសុទ្ធរបស់ក្រុមហ៊ុនទឹកសុទ្ធ ណាសូកា កិនធ្លាយខួរស្លាប់ភ្លាមៗកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសម្រង់របាយការណ៍របស់មន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកកំពឹស បានឲ្យកំណើតថ្មីដឹងថា សពក្មេងប្រុសរងគ្រោះឈ្មោះ រិន ណារ៉ុង អាយុ២ឆ្នាំ ជាកូនម្ចាស់ផ្ទះលក់ចាប់ហួយ។ ចំណែកអ្នកបើករថយន្ដបង្កមានឈ្មោះ កប កឹប អាយុ២៤ឆ្នាំ មុខរបរបើករថយន្តដឹកទឹកបរិសុទ្ធរបស់ក្រុមហ៊ុនណាសូកា ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិកណ្តុរ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុស្ត្រីជាម្តាយទៅផ្សារទិញឥវ៉ាន់យកមកលក់ ហើយឪពុកនៅលក់ដូរនៅផ្ទះជាមួយកូនប្រុសពៅអាយុ២ឆ្នាំ ដែលនៅរត់លេងមុខផ្ទះ ដែលមានរថយន្តដឹកទឹកបរិសុទ្ធជារថយន្តម៉ាកKIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2C-3253 ដឹកទឹកបរិសុទ្ធយកទៅដាក់ឲ្យចំនួន៤ធុង រួចហើយអ្នកបើករថយន្តបង្កបានឡើងបើករថយន្តដោយមិនបានមើលកុមារាកំពុងរត់លេងតែម្នាក់ឯងនៅខាងមុខរថយន្តប្រមាណ៥ម៉ែត្រ ក៏បើកទៅបុកកិនបែកក្បាលធ្លាយខួរ ស្លាប់នៅកន្លែងកើតហេតុ ខណៈដែលឪពុកកំពុងតែរៀបចំឥវ៉ាន់នៅខាងក្នុងផ្ទះមិនបានដឹងថាកូនរត់លេងនៅមុខរថយន្តទេ។
ក្រោយពេលកើតហេតុសពឪពុកម្តាយយកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ចំណែកអ្នកបើកបរ និងរថយន្តដឹកទឹកបរិសុទ្ធត្រូវសមត្ថកិច្ចឃាត់យកទៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕