ខេត្តកំពង់ធំ : បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយឃាត់ខ្លួន បន្ទាប់ពីក្រុមគ្រួសារក្មេងស្រីរគ្រោះ ពាក់ព័ន្ធករណី ប្រទូសកេរ្តិ៍ខ្មាស់កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យកំណើតថ្មីដឹងថា ជនសង្ស័យឈ្នោះ មុត តារា ហៅ ម៉ោង អាយុ៣០ឆ្នាំ មានទីលំនៅភូមិជ្រោយអំពិលលើ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកក្មេងស្រីជនរងគ្រោះមានឈ្មោះ ញ.ត.ស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យ និងឪពុកក្មេងស្រីរងគ្រោះ ជាមិត្តភក្តិនឹងគ្នាបាននាំគ្នាផឹកស្រា លុះស្រវឹងក៏នាំគ្នាចូលដេក ដោយជនសង្ស័យដេកក្នុងល្វែងផ្ទះមិនឆ្ងាយពីនារីរងគ្រោះឡើយ។ រហូតជិតភ្លឺស្រាប់ តែក្មេងស្រីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ពេលដែលជនសង្ស័យខាងលើកំពុងលូកស្ទាបប្រដាប់ភេទនាង ទើបក្មេងស្រីរងគ្រោះស្រែកហៅឪពុកម្ដាយបង្កការភ្ញាក់ផ្អើលឡើងក៏ឃាត់ខ្លួនជនសង្ស័យខាងលើប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលូកស្ទាបប្រដាប់ភេទក្មេងស្រីរងគ្រោះមែន ព្រោះខ្លួនស្រវឹង។ ក្រោយពីសាកសួរជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ការិយាល័យកណ្ដាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕