ស្នាក់ការ​សន្តិសុខ​លេខ​៧០៨ គ្រាន់​ជា​តែ​ប៉ុស្តិ៍​ជជុះ​ដែល​ប្អូនថ្លៃ និង​ឪពុកក្មេក​របស់លោក ម៉ុ​ត វណ្ណៈ យក​ធ្វើ​អាជីវក​ម្មុ​ប្រមូល​លុយ ដោយ​មិន​ក្រែង​ញញើត​ច្បាប់​

, , Leave a comment

​ខេត្តក្រចេះ ៖ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ និង​អ្នករត់​តាក់ស៊ី​បាន​និយាយ អំពី​ការគ្រប់គ្រង តាមបែប​គ្រួសារ របស់លោក ម៉ុ​ត វណ្ណៈ ដែល​កំពុង​យក​ស្នាក់ការ សន្តិសុខ​លេខ​៧០៨ ស្ថិតនៅ​ចំណុច​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ទៅធ្វើជា​ទីតាំង​អាជីវកម្ម​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន មិនដែល​ឃើញ​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ ឃើញតែ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន​យកលុយ​យ៉ាង​រំភើយ ហើយ​គេ​ចាំបាន​ថា ឈ្មួញ​ម្នាក់​ធ្លាប់បាន ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​ខេត្តក្រចេះ ករណី​ដែល​លោក ម៉ុ​ត វណ្ណៈ បង្ខំ​ឲ្យ​បង់លុយ​តាមតែ​អំពើ​ចិត្ត ជា​ថ្នូរ​នៃ​ដោះលែង​រថយន្ត​ដឹកឈើ ប៉ុន្តែ​ពាក្យបណ្តឹង​នោះ មិនអាច​ធ្វើ​អ្វី​លោក ម៉ុ​ត វណ្ណៈ បានទេ​ទើប​គាត់​នៅតែ​ក្រអឺតក្រទម​ប្រមូល​លុយ​ពី​ឡាន​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​។​

 

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ មួយចំនួន​បាន​ឲ្យ​ដឹងថា តាម​ការកែទម្រង់​ថ្មី​ស្នាក់ការ​សន្តិសុខ​លេខ ៧០៨ ស្ថិតក្រោម​ការគ្រប់គ្រង ដោយផ្ទាល់​របស់លោក ម៉ុ​ត វណ្ណៈ ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ លោក ម៉ុ​ត វណ្ណៈ ក៏បាន​រៀបចំ​អូស​សណ្តោង​សាច់ញាតិ​របស់គាត់​ឲ្យ​ចូល​បម្រើ​ក្របខ័ណ្ឌ​អាវុធហត្ថ​ខេត្តក្រចេះ ហើយ​ក៏បាន​រត់ការ​ឲ្យ​លោក ចាន់ រដ្ឋា ដែលជា​ប្អូនថ្លៃ​បាន​ឡើង​ធ្វើជា​ប្រធាន​ស្នាក់កា​រា​សន្តិសុខ​លេខ​៧០៨ ហើយ​លោក ម៉ុ​ត វណ្ណៈ ក៏បាន​ជួយ​អន្តរាគមន៍​ឲ្យ​លោក កែវ សុផល ដែលជា​ឪពុកក្មេក​បាន​ឡើង​ធ្វើជា​អនុប្រធាន​ស្នាក់ការ​ផងដែរ​។ គ្រប់​រថយន្ត​ដែល​ដឹកជញ្ជូន​ទំនិញ ឬ​ដឹកឈើ​ខុសច្បាប់​ឆ្លងកាត់​ទីតាំង​ស្នាក់ការ​សន្តិសុខ​លេខ​៧០៨ នេះ​មិនដែល​ចៀសផុត ពី​ការចូល​បង់លុយ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ដែល​ប្រចាំការ​នៅ​ទីនោះ​ម្តងណា​ឡើយ​។​

 

​រាល់​ការដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទីតាំង​នោះ​ត្រូវតែ​រាយការណ៍​ជូនដំណឹង​ជាមុន បើ​មិន​ដូច្នេះ​ទេ​នឹងត្រូវ​កូនចៅ​របស់លោក ម៉ុ​ត វណ្ណៈ តាម​ប្រដេញ​ចាប់​ស្ទាក់់​ឡាន​ដឹកឈើ​យកទៅ​បង់ពិន័យ ហើយ​ដោះលែង​ស្ងាត់ៗ​មិនដែល​ខ្វល់​ពី​ការបញ្ជូន​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​នោះទេ​។ ក្រុម​អ្នករត់​តាក់ស៊ី​មួយចំនួន​ដែល​ធ្លាប់​ឃើញ​សកម្មភាព​របស់​មន្ត្រី​អាវុធហត្ថ ប្រចាំ​ស្នាក់ការ​សន្តិសុខ​លេខ​៧០៨ បាន​អះអាងថា លោក ចាន់ រដ្ឋា ដែលជា​ប្រធាន​ស្នាក់ការ​មិនសូវមាន​អំណាច​ប៉ុន្មាន​ទេ ព្រោះ​តួនាទី​ប្រមូល​លុយ​ស្ថិតក្រោម​ការចាត់ចែង​ផ្តាច់មុខ របស់លោក កែវ សុផល ជា​ឪពុកក្មេក​របស់លោក ម៉ុ​ត វណ្ណៈ​។ ជាធម្មតា​លោក កែវ សុផល បាន​ប្រើប្រាស់​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ​ដ៏​ទំនើប​របស់គាត់​ល្បាត​ប្រដេញ​តាម​ឡាន​ដឹកទំនិញ ឬ​ឡាន​របស់​ប្រជាពលរដ្ឋ​ដែល​បើកបរ​ឆ្លងកាត់​ទី​តាំង​ស្នាក់ការ​របស់គាត់​។​

 

​ករណីខ្លះ​ក៏មាន​ការឃាត់​ឆែកឆេរ​ឡាន​របស់​ប្រជាពលរដ្ឋ ដែល​មិនមាន​ដឹក​អ្វី​សោះ​បង្ក​ឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស និង​ធ្លាប់មាន​ការក្តៅក្រហាយ​ប្តឹងផ្តល់​ទៅកាន់​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តក្រចេះ លោក កែវ ជា សឹង​រាប់​ភ្លេច​ទៅហើយ​។ ប៉ុន្តែ​សិទ្ធិអំណាច របស់លោក ម៉ុ​ត វណ្ណៈ ធំ​ណាស់​អាច​អន្តរាគមន៍ និង​ការពារ​ឪពុកក្មេក ព្រមទាំង​ប្អូនថ្លៃ​ឲ្យ​រួច​ផុតពី​ការដាក់ពិន័យ ឬ​ការដក​បញ្ឈរជើង ហើយ​រូបភាព​នេះ គឺជា​ការលើកទឹកចិត្ត​ឲ្យ​លោក ចាន់ រដ្ឋា និង​លោក កែវ សុផល ប្រព្រឹត្ត​អំពើ​ខុសច្បាប់​កាន់តែខ្លាំង​ឡើងៗ គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់​នោះទេ​។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​មួយចំនួន​ដែល​បង់ពន្ធ​ស្របច្បាប់ ក៏​រង​នូវ​ការ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ​ពី​សំណាក់​លោក កែវ សុផល ផងដែរ​មិន​ខ្វល់​ថា រាជរដ្ឋាភិបាល​បាន​កែទម្រង់​លុបបំបាត់​ភាព​អសកម្ម​នោះទេ​។​

14-12-2013

​សម្រាប់​រថយន្ត​យី​ឌុប​ដឹកឈើ​ធំៗ ជា​របស់​ក្រុមហ៊ុន ឬ​របស់​ឈ្មួញ​មានអំណាច​ក៏​មិនដែល​ហ៊ាន​មើលរំលង​ពី​ទីតាំង​ស្នាក់ការ​សន្តិសុខ​លេខ​៧០៨ របស់លោក ម៉ុ​ត វណ្ណៈ នោះដែរ បើ​មិន​បង់លុយ​ឬ​ជូនដំណឹង​ទេ ច្បាស់​ជា​ជួប​រឿង​ស៊យ​ធំ​ជាមិនខាន ម្ល៉ោះហើយ​មេការ​របស់​ក្រុមហ៊ុន​ដឹកឈើ​ខុសច្បាប់​ទាំងនោះ​តែងតែ​ទំនាក់ទំនង​យកចិត្តយកថ្លើម​លោក កែវ សុផល និង​លោក ម៉ុ​ត វណ្ណៈ មិនដែល​ឲ្យ​ចម្រូងចម្រាស​នោះទេ​។ លោក កែវ ជា ហាក់ដូចជា​ស្ងៀមស្ងាត់​ពី​ភាពអនាធិបតេយ្យ​ដែល​លោក ម៉ុ​ត វណ្ណៈ បាន​យក​ទីស្នាក់ការ​សន្តិសុខ​លេខ​៧០៨ ទៅធ្វើ​អាជីវកម្ម​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ទើប​សកម្មភាព​របស់​កងកម្លាំង​ក្នុង​ស្នាក់ការ​សន្តិសុខ​លេខ​៧០៨ ទោះជា​បង្ក​ភាព​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​និង​អ្នករកស៊ី​ដឹកទំនិញ​ក៏​មិនទាន់​ឃើញ​មានការ​កែទម្រង់​៕

 

Leave a Reply

(*) Required, Your email will not be published