ប្រទេសចិន ៖ ក្មេងៗជាច្រើនត្រូវបានបង្គាប់ឲ្យបរិភោគបន្លែបៃតង ប្រសិនបើពួកគេចង់ធំធាត់ឡើងឲ្យមានមាឌធំ និងរឹងមាំ។ ចំណែកឯក្មេងប្រុសអាយុប្រាំពីរឆ្នាំនេះវិញមិនចាំបាច់ត្រូវការជម្រុញឲ្យបរិភោគបន្លែឲ្យអស់ពីចានរបស់វានោះទេ។
យោងតាមគេហទំព័រ Dailymail.com បានបង្ហាញពីទេព្យកោសល្យរបស់កូនសិស្សសាលារូបនេះពិតជាមានកម្លាំងខ្លាំងណាស់ ដែលវាអាចអូសឡានទៅមុខ លីឪពុករបស់វាពីលើខ្នង និងលីបាវស្រូវធ្ងន់ៗ ដាក់លើស្មារបស់វារួចមកហើយ ប៉ុន្តែវាធ្វើកិច្ចការទាំងនេះដោយគ្មានបែកញើសឡើយ។
ក្មេងប្រុស យ៉ាង ជីនឡុង (Yang Jinlong) មកពីទីក្រុងឈូហ្ស៊ូ ប្រទេសចិន ដែលមានទម្ងន់ជាង៥០គីឡូក្រាមរូបនេះ មិនបង្ហាញសញ្ញានៃការឈប់លូតលាស់ឡើយ។ ដោយមានថ្ពាល់ពេញ និងស្នាមញញឹមពព្រាយ ក្មេងប្រុសតូចដ៏ខ្លាំងនេះបានក្លាយជាអ្នកល្បីនៅលើវេបសាយ ក្នុងប្រទេសចិន ខណៈដែលមនុស្សម្នានាំគ្នាមើលនូវអ្វីដែលវានឹងលើកនាពេលបន្ទាប់។
ក្មេងប្រុសដ៏មានថាមពលនេះបានចងព័ទ្ធខ្សែមួយនៅជុំវិញខ្លួនរបស់វា ដើម្បីអូសឡានមួយដែលមានទម្ងន់១,៨៥តោនតាមផ្លូវមួយ។ វាអាចលីឪពុករបស់វាដែលមានទម្ងន់ជាង ៩០ គីឡូក្រាមនៅលើខ្នង លីបាវស្រូវសាលីទម្ងន់ ៤០ គីឡូក្រាម និងបាវស៊ីម៉ងត៍ទម្ងន់ ១០០ គីឡូក្រាម ដែលជាការសបញ្ជាក់ឲ្យឃើញថាវាពិតជាក្មេងប្រុសដ៏ខ្លាំងម្នាក់៕