ខេត្តបាត់ដំបង : បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការចាប់ឃាត់ខ្លួនក្រោយធ្វើសកម្មភាពវាយប្រពន្ធខ្លួនឯងនឹងខ្នងពូថៅ ព្រោះតែតណ្ហា និងការប្រចណ្ឌ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៩នាទីយប់ ពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៤ ត្រង់ចំណុចភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
តាមចម្លើយសារភាពដែលកំណើតថ្មីស្រង់តាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនបង្កមានឈ្មោះ ប៉ែ ពៅ អាយុ ៤១ ឆ្នាំ និងជនរងគ្រោះត្រូវជាប្រពន្ធមានឈ្មោះ ញាណ ស៊ីធួន អាយុ៤១ឆ្នាំ។ អ្នកទាំង២រស់នៅកន្លែងកើតហេតុខាងលើ។ នៅយប់ថ្ងៃកើតហេតុ ជនបង្កបានលួមលោមនាង ដើម្បីរួមរ័កជាមួយ ប៉ុន្តែនាងនៅតែពុំព្រម ទើបខ្លួនគិតថានាងប្រាកដជាលួចមានសាហាយផិតក្បត់ខ្លួនជាមិនខាន បានជាធ្វើបែបនេះដាក់ខ្លួនទើបគេសម្រេចចិត្តសម្លាប់នាងចោលហើយសម្លាប់ខ្លួនឯងតែម្តង។ គិតរួចបុរសជាប្តីបានងើបទៅទាញយកកាំបិតស្នៀតដ៏មុតស្រួចដើរ តម្រង់មកចាក់នាងតែម្តង ព្រមទាំងបានយកពូថៅមកវាយសំពងបន្ថែមក្នុងគោលបំណងសម្លាប់ចោល ប៉ុន្តែពេលនោះ ដោយសារតែនាងស្រែកឮខ្លាំងទើបធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ អ្នកភូមិរត់មកជួយព្រោងព្រាត ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន និងនាំយកទៅកាន់អធិការដ្ឋាន។ តែទោះជាយ៉ាងណានេះគ្រាន់តែជាចម្លើយរបស់ជនបង្ក ដើម្បីដោះសារ។
បច្ចុប្បន្ន ជនសង្ស័យដែល ពាក់ព័ន្ធនឹងការប៉ុនប៉ងមនុស្សឃាតដោយចេតនា ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្តហើយដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕