​ហា​ង​​ល​ក់​ទំ​និ​ញ​ ​គ្រឿ​ង​​សម្អាង​ ​ថ្នាំ​ពេ​ទ្យ និ​ង​​សិប្ប​កម្ម​​កែ​ច្នៃ​​ឈើ ត្រូ​វ​​លោ​ក​ ​ម៉ៅ​ សុគន្ធ និង​លោក វង ផល្លា កោសរូស​ឲ្យ​បង់លុយ​ប្រចាំខែ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ននេះ​មាន មន្ត្រីនគរបាល​សេដ្ឋកិច្ច​ រាជធានី​ភ្នំពេញ ចំនួន​២​នាក់ មិនដឹង​ជា​អាង​ខ្សែ​ទុយោ​ ពី​ខាង​ណា​នោះទេ កំពុង​ប្រើ​តួនាទី​របស់ខ្លួន  ចុះ​ប្រមូល​លុយ ​ពី​ការដឹកជញ្ជូន​ឈើ នៅតាម​ផ្លូវ តាម ​ទីតាំង​សិប្បកម្ម និង​ដេប៉ូ​លក់​ឈើ​ យ៉ាង​អនាធិបតេយ្យ សូម្បីតែ​ហាង​លក់ទំនិញ គ្រឿងសម្អាង ថ្នាំពេទ្យ មួយចំនួន​សុទ្ធតែ ជាប់​កាតព្វកិច្ច​បង់លុយ ជូន​មន្ត្រីនគរបាល​សេដ្ឋកិច្ច​រាជធានី ទាំង​២​នាក់​នោះ បើ​មិន​ដូច្នេះ​ទេ ពិតជា​រង​នូវ​ការរំខាន​រកស៊ី​លក់ដូរ​មិនកើត​ទេ តែងតែ​ខុស​នេះ​ខុស​នោះ ដូច​ពាក្យចាស់​បាន​ពោលថា បើ​មិន​អារ​សាច់​ជូន​ខ្លា មិនអាច​នៅ​ស្រុក​បានទេ​។​

​មន្ត្រីនគរបាល​សេដ្ឋកិច្ច​រាជធានី ទាំង​២​នាក់​នេះ ត្រូវគេ​ស្គាល់​ថា ១-​លោក ម៉ៅ សុគន្ធ ជា​ប្រធាន​ក្រុម​ទទួលបន្ទុក ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ឈើ ទីតាំង​សិប្បកម្ម និង​ដេប៉ូ​លក់​ឈើ គ្រប់​ប្រភេទ​ក្នុង​រាជធានី​ភ្នំពេញ និង​២-​លោក វង ផល្លា ជា​ប្រធាន​ក្រុម ទទួលបន្ទុក​ប្រមូល​លុយ ពី​ផ្នែក​កម្មសិទ្ធិបញ្ញា ហាង​លក់ទំនិញ ថ្នាំពេទ្យ និង​គ្រឿងសម្អាង​។  លោក ម៉ៅ សុគន្ធ និង​លោក វង ផល្លា គឺជា​មនុស្ស​ក្រអឺតក្រទម​បំផុត ធ្លាប់​កាន់​ការងារ​ជា​នគរបាល​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ឡើង​ដុះ​ស្លែ​ទៅ  មិនដែល​ស្តាប់​បទបញ្ជា​ថ្នាក់លើ សូម្បីតែ​ប្រធានការិយាល័យ ឬ​ស្នងការរង​ទទួល​ផែន ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ខ្នងបង្អែក​របស់លោក ម៉ៅ សុគន្ធ និង​លោក វង ផល្លា ធំ​ប៉ុនណា​នោះទេ ដែល​ទាមទារ​ឲ្យ​លោក ជួន សុវណ្ណ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រួត​ពិនិត្យមើល​លក្ខណសម្បត្តិ របស់លោក ម៉ៅ សុគន្ធ និង វង ផល្លា ឡើងវិញ​ជាបន្ទាន់​។​

​សេចក្តីរាយការណ៍​ពី ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​មួយចំនួន បាន​ឲ្យ​ដឹងថា លោក ម៉ៅ សុគន្ធ បាន​ចាត់តាំង​មន្ត្រី​ជំនិត​របស់គាត់ ឲ្យ​ចុះទៅ​ប្រមូល​លុយ​ពី​គ្រប់ សិប្បកម្ម​កែច្នៃ​ឈើ​ទាំងអស់ ដោយ​គ្មាន​ករណី​យោគយល់​អ្វី​ឡើយ ព្រោះ​ភាគច្រើន​សិប្បកម្ម​កែច្នៃ​ឈើ ទាំង​តូច​ទាំង​ធំ​ក្នុង​រាជធានី​ភ្នំពេញ ទទួល​ទិញ​ឈើ​ខុសច្បាប់​ពី​ក្រុម​ឈ្មួញ ដែល​ដឹក​មកពី​តាម​បណ្តា​ខេត្ត​នានា​។ សូម្បីតែ​ដេប៉ូ​លក់​ឈើ និង​ការ​ស្តុក​ឈើ​ខុសច្បាប់ ជាច្រើន​កន្លែង  សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់លុយ ជូន​នគរបាល​សេដ្ឋកិច្ច​របស់លោក ម៉ៅ សុគន្ធ ជា​ទៀងទាត់​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន គឺ​ក្រៅពី​តួនាទី​ជា​នគរបាល​សេដ្ឋកិច្ច​លោក ម៉ៅ សុគន្ធ បាន​ដើរតួ​ជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ ពេលណា​ម្ចាស់​ដេប៉ូ​ទាំងនោះ ដឹកឈើ​ចូល​ត្រូវតែ រាយការណ៍​ជូន​លោក ម៉ៅ សុគន្ធ ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​។​

ដោយឡែក​លោក វង ផល្លា ក្នុងតួនាទី​ជា​ប្រធាន​ក្រុម ប្រមូល​លុយ​ពី​ផ្នែក កម្មសិទ្ធិបញ្ញា គាត់​មាន​ភារកិច្ច​ចាត់តាំង​មន្ត្រី​ជំនិត​របស់គាត់ ឲ្យ​ចុះ​ពិនិត្យមើល​តាម​ហាង​លក់ទំនិញ ថ្នាំពេទ្យ និង​គ្រឿងសម្អាង​ដើម្បី​ឃ្លាំមើល​អាជីវកម្ម រកស៊ី​របស់​ក្រុមអាជីវករ ទាំង​តូច​ទាំង​ធំ ហើយ​ដើម្បី​កុំ​ឲ្យ​មានការ​កោសរូស ឬ​ការបង្ក​រឿងហេតុ​ផ្សេងៗ ម្ចាស់​ទីតាំង​អាជីវកម្ម​ជាច្រើន បាន​បង់លុយ​ជូន​មន្ត្រីនគរបាល​ក្រោម​បញ្ជា​របស់លោក វង ផល្លា ទាំង​ទើសទាល់ បើ​មិន​ដូច្នេះ​ទេ ពិបាក​រកស៊ី​ជួញដូរ ដោយសារ​មានការ​រំខាន​ឬ​ការសុំ​ត្រួតពិនិត្យ​នាំ​ឲ្យ​ខាតបង់​ពេលវេលា ឬ​ខូចខាត​ទំនិញ​។

នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​ផងដែរ ក៏​មានការ​លួចលាក់​ផលិត​ទំនិញ មួយចំនួន​ដោយ​បំពាន​លើ​កម្មសិទ្ធិបញ្ញា របស់​ក្រុមហ៊ុន​ស្របច្បាប់ ដែល​គេ​និយម​ហៅថា​ជា​ទំនិញ​ក្លែងក្លាយ ដែល​សូម្បីតែ​ការចម្លង​ស៊ី​ឌី​លក់​ក៏​ជាប់​កាតព្វកិច្ច​បង់លុយ ឲ្យ​នគរបាល​សេដ្ឋកិច្ច​ផងដែរ​។ ហាង​លក់ទំនិញ ថ្នាំពេទ្យ និង​គ្រឿងសម្អាង​គឺជា​មុខសញ្ញា​ធំ​បំផុត ដែល​នគរបាល​សេដ្ឋកិច្ច​របស់លោក វង ផល្លា កោសរូស​បង្ខំ​ឲ្យ​បង់លុយ​សម្រាប់​មុខទំនិញ​មួយចំនួន ដែលមាន​ភាពមិនប្រក្រតី ហើយ​រឿង​សំខាន់​មួយទៀត​នោះ នៅពេល​ក្រុមហ៊ុន​ស្របច្បាប់​ប្តឹង​សុំ​ឲ្យ​ចុះ ទៅ​បង្ក្រាប​បទល្មើស​កម្មសិទ្ធិ​បញ្ញា ទាល់តែ​បង់លុយ​តាម​ការទាមទារ របស់លោក វង ផល្លា ទើប​គាត់​ចាត់​កម្លាំង​ឲ្យ​ទៅ​បង្ក្រាប ដើម្បី​យក​ស្នាដៃ​បង្អួត​ថ្នាក់លើ​៕

136332338136847 0710

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published