នគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន រ័ត្ន ចេញ​ប្រមូល​លុយ​ពី​ម្ចាស់​អាជីវកម្ម នៅ​ទូទាំង​រាជធានី​ភ្នំពេញ យ៉ាង​ប្រសេចប្រសាច

, , Leave a comment

រាជធានី​ភ្នំពេញ ៖ នគរបាល​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ ក្រោម​បញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន រ័ត្ន ស្នង​​ការ​រង​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ប្រសេចប្រសាច ក្នុងការ​កោសរូស​ ឲ្យ​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ទំនិញ​ទាំង​តូច ទាំង​ធំ​បង់លុយ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ ហើយ​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយចំនួន បាន​ត្រៀម ប្តឹង​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ជួយ​លុបបំបាត់​ភាព​អសកម្ម និង​ភាពមិនប្រក្រតី របស់​នគរបាល​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ ផងដែរ ។​

 

​នគរបាល​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ កំពុង​ធ្វើ​សកម្មភាព​បង្ខំ​ឱ្យ​ក្រុមអាជីវករ លក់ដូរ​គ្រឿងសំអាង ថ្នាំពេទ្យ ម្ចាស់​សិប្បកម្ម ដេប៉ូ​លក់​ឈើ ម្ចាស់​ភោជនីយដ្ឋាន និង ឈ្មួញ​ដែល​រកស៊ី​ដឹកទំនិញ​ខុសច្បាប់ ដោយ​តម្រូវ ឱ្យ​បង់លុយ​ប្រចាំខែ ជា​ថ្នូរ​នៃ​ការមិន​បង្ក្រាប ។ បើតាម​ការ​ប៉ាន់ ប្រមាណ​យ៉ាងហោចណាស់ ក៏មាន​ទីតាំង​អាជីវកម្ម សិប្បកម្ម ឃ្លាំង​ស្ដុក​ទំនិញ​ខុសច្បាប់  រោងចក្រ សហគ្រាស​តូច​-​ធំ រាប់សិប​កន្លែង សុទ្ធតែ​ត្រូវ​ជាប់​កាតព្វកិច្ច​បង់លុយ ឲ្យ​នគរបាល​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​មុខ​ជំនួញ​របស់​ពួកគេ ។​

 

​នគរបាល​សេដ្ឋកិច្ច​មួយចំនួន ត្រូវបាន​លោក ពិត បញ្ញា ជា​នាយការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ចាត់តាំង​ឲ្យ​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច ដូចជា​ក្រុម លោក ម៉ៅ សុគន្ធ ទទួលបន្ទុក​ប្រមូល​លុយ​ពីបទ​ល្មើស ដឹកជញ្ជូន​ឈើ និង​ទីតាំង​សិប្បកម្ម ដេប៉ូ​លក់​ឈើ ក្រុម​លោក វង ផល្លា ទទួលបន្ទុក​ប្រមូល​លុយ​ពី​ផ្នែក​កម្មសិទ្ធិបញ្ញា និង​ហាង​លក់ទំនិញ ទីតាំង​លក់​ថ្នាំពេទ្យ និង​គ្រឿងសំអាង ក្រុម​លោក សោម មុន្នី ទទួលបន្ទុក​គ្រប់គ្រង​ការងារ​លុយកាក់ ផ្នែក​វិនិយោគ និង អាជីវកម្ម ដូចជា​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ភោជនីយដ្ឋាន​ជាដើម ។

 

ម្ចាស់​អាជីវកម្ម​មួយចំនួន​បាន​លើកឡើងថា នគរបាល​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ បាន​តម្រូវ​ឲ្យ​ទីតាំង​លក់ គ្រឿងសំអាង​មួយកន្លែង ត្រូវ​បង់​ពី​៣០០ ដុល្លារ​ទៅ​៥០០​ដុល្លារ​ក្នុង​មួយខែ ហើយ​ភោជនីយដ្ឋាន ឬ​ហាង​បរទេស​មួយចំនួន ត្រូវ​បង់លុយ​គិត​ជា​ខែ ឬ​ជា​ឆ្នាំ  ដោយ​គិត​មួយថ្ងៃ​ពី ១​ដុល្លារ​ឡើងទៅ អាស្រ័យ​តាម​ហាង​តូច ឬ​ធំ ។ លើសពីនេះ​ក៏​នៅ មាន​កន្លែង​ខ្លះទៀត​បង់​ប្រចាំឆ្នាំ​ខ្ទង់ពាន់​ដុល្លារ ផងដែរ នាំ​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​ជាច្រើន​រអ៊ូរទាំ​យ៉ាងខ្លាំង ប៉ុន្តែ​លោក ប៉ែន រ័ត្ន បែរជា​ស្ងាត់ស្ងៀម​ពី​បញ្ហា​នេះ ដែល​នាំ​ឲ្យ​គេ​សង្ស័យថា ផលប្រយោជន៍​ដែល​ប្រមូលបាន មាន​ចំណែក​គាត់​ខ្លះ​ដែរ​ហើយ​មើលទៅ ។​

 

​ជាគោលការណ៍​អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ឲ្យ​នគរបាល​សេដ្ឋកិច្ច ធ្វើការ​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ ក៏ដូចជា​ទប់ស្កាត់​ការហូរចូល​ចំណីអាហារ ដែលមាន​ជាតិពុល ។ ប៉ុន្ដែ​ការ​អនុវត្ដ​ន៍​ជាក់ស្តែង មន្ដ្រីនគរបាល​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ក្រោម​ការគ្រប់គ្រង របស់លោក​ឧត្ដម សេនីយ៍​ត្រី ប៉ែន រ័ត្ន មិនបាន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ណោះ​ទេ បែរជាយក​ស្បែក​នគរបាល​សេដ្ឋកិច្ច ចុះទៅ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​បំផុត រហូត​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយចំនួន គ្រោង​ប្តឹងទៅ​ក្រសួងមហាផ្ទៃ ឲ្យ​ជួយ​ដោះស្រាយ​ផងដែរ ៕

DSC055341 22103298-57ce-42f0-9725-ebe295764c84

 

 

Leave a Reply

(*) Required, Your email will not be published