រាជធានីភ្នំពេញ : ហេតុការណ៍គួរឲ្យអនិច្ចាមួយបានកើតឡើង ខណៈដែលបុរសជាប្តីបានបើករថយន្ត ហើយត្រូវបានម្តាយជិះម៉ូតូដឹកកូនដេញតាមរថយន្តប្តីពីក្រោយ ហើយវ៉ារថយន្តប្តីពីមុខ ប្តីគេចមិនទាន់បុកពីក្រោយ បណ្តាលឲ្យក្មេងប្រុសអាយុ១ខួប៨ខែម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ឯម្តាយរងបួសធ្ងន់ធ្ងរកាល ពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ប្រភពពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ឋខាងលើមានទំនាស់ពាក្យសម្តីគ្នា រួចប្តីបានបើករថយន្តដឹកដីម៉ាកអ៊ីយ៉ាន់ដាយព៌ណស ពាក់ស្លាកលេខភ្នំពេញ 3G-0896 ចេញ ស្រាប់តែប្រពន្ធឃើញដូច្នោះក៏បានទាញម៉ូតូC125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ដឹកកូនប្រុសដេញតាមក្រោយ លុះដល់ចំណុចកើតហេតុ ប្រពន្ធបានជិះវ៉ារថយន្តប្តី ដោយបង្អន់ល្បឿនពីមុខធ្វើឲ្យប្តីឈ្មោះ សាំ រិទ្ឋិ អាយុ២៣ឆ្នាំ គេចមិនទាន់ក៏បុកពីក្រោយបណ្តាលឲ្យកូនប្រុសឈ្មោះ រិទ្ឋិ ធី អាយុ១ខួប៨ខែស្លាប់ ឯប្រពន្ឋឈ្មោះ ម៉េត សុខុម អាយុ២៣ឆ្នាំ បានរងរបួសបាក់ដៃធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕