រាជធានីភ្នំពេញ : បុរសម្នាក់ត្រូវបានក្រុមចោរអារបំពង់សម្លាប់កាលវេលាម៉ោង៤និង៣០នាទី ព្រលឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ នៅតាមផ្លូវមួយលេខ៧២សេ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហួត សុភាព អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មុខរបរជាអ្នករត់ម៉ូតូឌុបនៅក្នុងខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ ត្រូជនមិនស្គាល់មុខចាក់ជាច្រើនកាំបិត និងអារ.កប៉ងប្លន់យកម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AU-2014 តែមិនបានសម្រេច ប៉ុន្តែគួរឲ្យសោកស្តាយម្ចាស់ម៉ូតូត្រូវបាត់បង់ជីវិត ។
សមត្ថកិច្ចបានរកឃើញតំណក់ឈាមលើដងផ្លូវពីចំណុចចាប់ផ្តើម ដែលជនទុច្ចរិតអារក និងកន្លែងជនរងគ្រោះ ដួលស្លាប់ចម្ងាយប្រហែលជា១០០ម៉ែត្រ។ ដូច្ចេះសមត្ថកិច្ចសន្និដ្ឋានថា ពេលជនល្មើសធ្វើសកម្មភាពអារក ជនរង គ្រោះព្យាយាមប្រតាយប្រតប់ និងជិះម៉ូតូគេចខ្លួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រីឯជនល្មើសឃើញសភាព ការណ៍មិនស្រួលក៏រត់គេចខ្លួនតែម្តងទៅ។
ប្រពន្ធជនរងគ្រោះអ្នកស្រី ហេង វណ្ណៈ បានឲ្យដឹងថា ប្តីរបស់គាត់តែងតែចេញទៅរត់ម៉ូតូឌុបនៅខណ្ឌមានជ័យជារៀងរាល់ថ្ងៃ ហើយការរត់ម៉ូតូឌុបនេះ គឺគាត់រត់តែពេលយប់ និងទៀបភ្លឺប៉ុណ្ណោះសល់ពីនេះគាត់ធ្វើការងារពេលថ្ងៃ។ នៅថ្ងៃកើតហេតុប្តីរបស់គាត់បានចេញពីផ្ទះតាំងពីម៉ោង៣ទៀបភ្លឺ រហូតដល់ម៉ោងកើតហេតុស្រាប់តែមានគេប្រាប់ថា ប្តីរបស់គាត់ត្រូវឃាតកយកកាំបិតចាក់ និងអារកសម្លាប់យ៉ាងអាណោចអាធ័មបំផុត នៅចំណុចភូមិ-សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕