ភាព​អៀនខ្មាស និង​រែ​រាក​ចំពោះ​ការពិនិត្យ​សុខភាព​បន្ត​ពូជ​របស់​ស្ត្រី​ក្រមុំ ក្នុងសង្គម​ខ្មែរ អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​!

, , Leave a comment

​នៅក្នុង​សង្គម​ខ្មែរ​យើង​មើលឃើញថា ស្ដ្រី​តែងមាន​ភាព​ខ្មាស់អៀន​ច្រើនជាង​បុរស​នៅក្នុង​ការ​ទៅរក​គ្រូពេទ្យ​។ កញ្ញា ធីតា ជា​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​ក្នុង​អត្ថបទ​។  ធីតា អាយុ​២២​ឆ្នាំ បាន​ប្រាប់​ពី​បញ្ហា​របស់ខ្លួន​ថា នាង​ធ្លាប់មាន​បញ្ហា​មិន​មក​រដូវ​អស់​រយៈពេល​ជាង​៦​ខែ តែ​ដោយ​មានការ​ខ្មាសអៀន កញ្ញា​មិន​ហ៊ាន​ទៅរក​គ្រូពេទ្យ​ទេ ព្រោះ​ខ្លាច​ពេទ្យ​មិនដឹងថា គេ​ធ្វើ​យ៉ាងណាខ្លះ​លើ​ខ្លួន​ពេលដែល​ធ្វើការ​ពិនិត្យ​នោះទេ​។ កញ្ញា​បាន​បន្ថែមថា​៖“​ពេលខ្លះ ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចុកពោះ​ដែល​ខ្ញុំ​គិតថា វា​ដោយសារតែ​មិនមាន​រដូវ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ទៅរក​ពេទ្យ​ទេ​។ លុះ​ក្រោយមក​រដូវ​របស់ខ្ញុំ​ស្រាប់តែ​មកវិញ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិ​ត្ដ​ណាស់​”​។ មិន​ត្រឹមតែ​បញ្ហា​រាំងរដូវ​ទេ កញ្ញា​ធ្លាប់​ជួប​គ្រោះថ្នាក់​ដួល​ម៉ូតូ​កាលពី​២​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​បុក​ត្រូវចំ​កន្លែង​ទ្វារមាស​ដល់​ថ្នាក់​ចេញឈាម​ស្បែក​ខាងក្រៅ​ទៀតផង​។ ប៉ុន្ដែ​កញ្ញា​នៅតែ​មិន​ហ៊ាន​ទៅរក​ពេទ្យ​ផ្ដល់​ប្រឹក្សា​អំពី​បញ្ហា​នេះ ហើយក៏​មិន​ហ៊ាន​ប្រាប់​អ្នកណា​គេ​ឲ្យ​ដឹង​ដែរ​។​

 

​កញ្ញា ធីតា បាន​និយាយថា​៖ “​ជាដំបូង ខ្ញុំ​គិតថា វា​គ្រាន់តែ​ជា​របួស​សើ​ស្បែក​ខាងក្រៅ ប៉ុណ្ណោះ ដល់​ក្រោយមក ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ដុំ​មួយ​នៅលើ​ហ្នឹង ប៉ុន្ដែ​ខ្ញុំ​នៅតែ​មិន​ហ៊ាន​ទៅ​ពេទ្យ​ទេ ខ្ញុំ​គិតថា ចាំ​ដល់​ខ្ញុំ​រៀបការ​ហើយ​ទើប​ហ៊ាន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​”​។​ ​បើ​យោងទៅលើ​បញ្ហា​របស់​យុវនារី​ដែល​មិន​ហ៊ាន​ទៅពិនិត្យ​ជំងឺ​ស្ដ្រី​នេះ វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ដ្រី​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​និយាយថា​៖ “​ស្ដ្រី​ដែល​នៅ​លីវ ពេល​ដែលមាន​បញ្ហា​រដូវ ឬក៏​បញ្ហា​មាត់ស្បូន​គួរ​មក​ពិនិត្យ​ព្យាបាល​រក​មូលហេតុ ដោយ​មិនគួរ​បារម្ភ​ថា​មានការ​ប៉ះពាល់​ដល់​ព្រហ្មចារី​យ៍​នោះទេ​”​។ សព្វថ្ងៃនេះ​បញ្ហា​ជំងឺមហារីក​មាត់ស្បូន​នេះ​គឺមាន​ភាព​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​ស្ដ្រី​ស្លាប់​យ៉ាងច្រើន ដែលមាន​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់ពី​មហារីក​សុដន់​។ ជំងឺ​នេះ​មាន​វ៉ាក់សាំង​ចាក់​សម្រាប់​ការពារ ចំពោះ​ស្ដ្រី​នៅ​លីវ​គឺ​វា​មាន​ប្រសិទ្ធភាព​យ៉ាងខ្លាំង​ចាប់ពី​អាយុ​១៥​ឆ្នាំ​ឡើងទៅ ប៉ុន្តែ​បើសិនជា​ស្ត្រី​ណា​ម្នាក់​មាន​ដៃគូ​ហើយ ហើយ​គាត់​មាន​អាយុ​ចាប់ពី​២៥ ឆ្នាំ​ឡើងទៅ គាត់​ក៏​អាច​ចាក់​វ៉ាក់សាំង​បានដែរ​។ បន្ទាប់ពី​គាត់​ពិនិត្យ​មាត់ស្បូន​ជា​រៀងរាល់ឆ្នាំ និង​ពិនិត្យមើល​រក​កោសិកា​មហារីក​មាត់ស្បូន​នោះ​សិន ពីព្រោះ​ជួនកាល​គាត់​មិនមាន​ធ្វើ​ទុក​អ្វី​ទាំងអស់ ប៉ុន្ដែ​យើង​ពិនិត្យឃើញ​មាន​កោសិកា​មហារីក​មាត់ស្បូន​វា​ស៊ីក្នុង កម្រិត​ណាមួយ​ទៅក្នុង​មាត់ស្បូន​។​

 

​ទាក់ទិន​នឹង​បញ្ហា​ខាងលើ សូម​ស្ដ្រី​ទាំងឡាយ​ដែលមាន​បញ្ហា​ធ្លាក់ឈាម​បញ្ហា​រដូវ​មក​មិន​ទៀងទាត់ ឬ​មិនមាន​រដូវ គឺ​សុទ្ធតែ​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ ត្រូវ​មកជួប​ពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សូមកុំ​មានការ​ខ្មាសអៀន​។ អ្នកខ្លះ​មានការ​រួមភេទ​មុន​រៀបការ ការរួម​ភេទ​ដោយ​មិនបាន​ការពារ ត្រូវ​មកពី​គ្រោះ​ជំងឺ​កាមរោគ និង​ជំងឺមហារីក​មាត់ស្បូន ទោះបីជា​មិន​ធ្វើទុក្ខ ឬ​មានការ​ឈឺចាប់​អ្វី​ក៏ដោយ​៕

Woman with

 

Leave a Reply

(*) Required, Your email will not be published