ខេត្តក្រចេះ ៖ ក្រុមហ៊ុន ឌីឌុក ដែលទទួលបានព្រៃឈើដេញថ្លៃ ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅចំណុចឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កំពុងតែកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វស្នួល យ៉ាងខ្លាំងក្លាបំផុត ហើយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់នោះទេ ទើបគេឃើញក្រុមហ៊ុន ឌីឌុក តែងតែដឹកជញ្ជូនឈើដែលកាប់ថ្មីៗ ចេញពីចំណុចដីព្រៃជម្រកសត្វ ក្រោមរូបភាពថាក្រុមហ៊ុននេះ ដេញថ្លៃពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដើម្បីដឹកជញ្ជូនឈើទាំងនោះ យកទៅចែកចាយ ក្នុងស្រុកនិងមួយចំនួនទៀតយកទៅធ្វើជាអុស ប៉ុន្ដែសមត្ថកិច្ច និងអាជ្ញាធរសុទ្ធតែធ្លាប់បានទទួលផលប្រយោជន៍ ពីក្រុមហ៊ុន ឌីឌុក ទើបអ្វីៗចេះតែរលូនល្អ ។
នៅចំណុចដែនជម្រកសត្វស្នួល មានក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន កម្ពុជា-វៀតណាម និងក្រុមហ៊ុន សុវណ្ណរាជសី ដែលមានដីសម្បទានសេដ្ឋកិច្ចរាប់ពាន់ហិកតា នៅក្នុងស្រុកស្នួលនោះ បានប្រគល់ដីព្រៃទៅឱ្យក្រុមហ៊ុន ឌីឌុក តាមរយៈការដេញថ្លៃ ក្នុងនោះក្រុមហ៊ុន ឌីឌុក ទទួលបានដីព្រៃពីក្រុមហ៊ុន សុវណ្ណរាជសី ចំនួន៥០០ហិកតា និងដីរបស់ក្រុមហ៊ុនកម្ពុជា-វៀតណាម ចំនួន១០០០ហិកតា ដែលដីព្រៃទាំងនេះ មួយចំនួន ស្ថិតនៅក្នុងដែនជម្រកសត្វ និងមួយចំនួនទៀតមិនពាក់ព័ន្ធដី ព្រៃដែនជម្រកសត្វនោះទេ ។ គេបានរាយការណ៍មកថា ក្រុមហ៊ុន ឌីឌុក តែងតែបានដឹកជញ្ជូនឈើដែល មានមុខកាត់ធំៗចាប់ពី៤០ទៅ ៥០សង់ទីម៉ែត្រ ហើយត្រូវបានគេអារកាត់ជាកំណាត់ៗ ប្រវែង ១ម៉ែត្រកន្លះទៅ២ម៉ែត្រ ចាត់ទុកថាជាអុសយកទៅបែងចែកប្រើប្រាស់នៅក្នុងស្រុក ។
ប៉ុន្ដែជាទម្លាប់ក្រុមហ៊ុន ឌីឌុក តែងតែដឹកជញ្ជូនឈើ ដែលមានមុខកាត់ធំៗយកមកស្ដុកទុក នៅចំណុចខេត្ដកំពង់ចាម ចូលរោងម៉ាស៊ីនរបស់ខ្លួនច្រៀកធ្វើជាក្ដារ និងធ្វើជាគ្រឿងឈើមួយចំនួនទៀត បែងចែកលក់នៅក្នុងស្រុក ក៏ដូចជានាំទៅកាន់វៀតណាម ប៉ុន្ដែរូបភាពក្នុងការដឹកជញ្ជូនឈើបែបនេះ មិនបានបង់ពន្ធជូនរដ្ឋ ដោយសារគេប្រើរូបភាពថា ឈើទាំងនេះប្រភេទជាឈើអុស កើតឡើងដោយការឃុបឃិតគ្នាជាមួយនឹងជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដែលធ្លាប់តែទទួល បានការបន្ដក់ពីក្រុមហ៊ុន ឌីឌុក ។ ប្រភពបានបញ្ជាក់ទៀតថា កន្លងមករាល់ការដឹកជញ្ជូនឈើរបស់ ក្រុមហ៊ុន ឌីឌុក ចេញពីចំណុចដី ព្រៃរបស់ខ្លួន ដែលទទួលបានពីក្រុមហ៊ុនសុវណ្ណរាជសី និងក្រុមហ៊ុនកម្ពុជា -វៀតណាម មន្ត្រីរដ្ឋបាលព្រៃឈើ បានឃុបឃិតឲ្យក្រុមហ៊ុន ឌីឌុក ដឹកជញ្ជូនឈើ មានមុខកាត់ពី៤០ទៅ៥០សង់ទី ម៉ែត្រ ជាប្រភេទឈើយកទៅ ប្រើប្រាស់បាន និងត្រូវបង់ពន្ធជូនរដ្ឋ មិនដែលឃើញរដ្ឋបាលព្រៃឈើ ត្រួតពិនិត្យដើម្បីវាយត្រាបង់ពន្ធ ដោយគេចាត់ទុកថាជាប្រភេទឈើអុស ។
មានន័យថា រដ្ឋបាលព្រៃឈើធ្វើការត្រួតពិនិត្យពីសកម្មភាពដឹកជញ្ជូនឈើ របស់ក្រុមហ៊ុន ឌីឌុក ចេញពី ដែនជម្រកសត្វស្នួល ចេញពីចំណុចឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដែលបានដេញថ្លៃពីក្រុមហ៊ុន សុវណ្ណរាជសី និងក្រុមហ៊ុនកម្ពុជា -វៀតណាម ត្រួតពិនិត្យវាយត្រា ក្នុងការបង់ពន្ធតែទៅលើឈើ២ ប្រភេទប៉ុណ្ណោះ គឺប្រភេទឈើទាល និងឈើជ័រចុង។ ផ្ទុយទៅវិញ ការដឹកជញ្ជូនរបស់ក្រុមហ៊ុន ឌីឌុក មិនត្រឹមតែដឹកជញ្ជូនឈើដែលមានមុខកាត់ធំៗ ហើយត្រូវបានកាប់បំផ្លាញថ្មីៗ ដោយមិនបានបង់ពន្ធជូនរដ្ឋ ក្រោមការត្រួតពិនិត្យ វាយត្រាពីរដ្ឋបាលព្រៃឈើប៉ុណ្ណោះទេ មានឈើប្រណីតប្រមាណពី ២០ទៅ៣០ភាគរយ ដូចជាប្រភេទឈើបេង នាងនួន និងគ្រញូង ត្រូវបានក្រុមហ៊ុននេះបង្កប់ ជាមួយប្រភេទឈើទាល ឈើជ័រ ចុង ក៏ដូចជាអុស សុទ្ធសឹងតែជា អំពើពុករលួយដែលមានការឃុបឃិតគ្នា ជាមួយជំនាញ រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ជាច្រើនស្ថាប័នទៀត ។
ដូច្នេះនៅពេលដែលក្រុមហ៊ុន ឌីឌុក កំពុងដឹកជញ្ជូនឈើហើយ ជ្រកក្រោមច្បាប់អនុញ្ញាត ឱ្យប្រមូលឈើពីដីព្រៃរបស់ក្រុមហ៊ុន កម្ពុជា-វៀតណាម និងក្រុមហ៊ុន សុវណ្ណរាជសី ចំណុច២ធ្នូ ស្រុកស្នួល បែបនេះរឹតតែធ្វើឱ្យលោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដក្រចេះ អនុញ្ញាតឱ្យក្រុមហ៊ុន ឌីឌុក ដឹកជញ្ជូនឈើឆ្ពោះទៅខេត្ដកំពង់ចាម ដែលមិនបានបង់ពន្ធជូនរដ្ឋ ទាំងឈើប្រណីត និងឈើកាប់ថ្មីៗ មួយចំនួនទៀត ក្រោមរូបភាព ជាការដឹកជញ្ជូនប្រភេទឈើអុស ប៉ុន្ដែធាតុពិតក្រុមហ៊ុន ឌីឌុក បានដឹកជញ្ជូនឈើដែលមានមុខកាត់ធំៗ ចូលទៅក្នុងរោងម៉ាស៊ីនរបស់ខ្លួន ច្រៀកធ្វើជាក្ដារ និងគ្រឿងជាច្រើនទៀត សម្រាប់លក់នៅក្នុងស្រុក និងនាំចេញទៅវៀតណាម ដែលល្បីពេញខេត្ដកំពង់ចាម ហើយក៏មានបង្កប់ផងដែរប្រភេទ ឈើបេង ធ្នង់ និងឈើគ្រញូង ដែលសមត្ថកិច្ចពុំបានចាត់វិធានការ បន្ទាប់ពីអ្នកចាត់ចែងរបស់ ក្រុមហ៊ុន ឌីឌុក តែងតែបែងចែក នូវប្រយោជន៍រាល់ការដឹកជញ្ជូន ខុសច្បាប់ឲ្យទៅមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ ៕
ប្រភព វត្តភ្នំ