រថយន្ត​ដឹក​ឥដ្ឋ​ខូច​កណ្តាលផ្លូវ ឈប់​គ្មាន​ភ្លើង​បំភ្លឺ ត្រូវ​ម៉ូតូ​បុក​ពីក្រោយ​របួសធ្ងន់​២​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កាល​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខ​វត្ត​ព្រៃ​ស្ពឺ ស្ថិត​ភូមិ​អង្គ​តា​គៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ គង់ រ័ត្ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ព្រូ​រថយន្ត​ដឹក​ឥដ្ឋ ស្នាក់នៅ​ភូមិ កន្ទ្រាំ ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត ។ ចំណែក​អ្នកបើក​ម៉ូតូ​បង្ក​មានឈ្មោះ សៅ ពៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កក់ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ម៉ាក ហ៊ី​ណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-4663 ជិះ​គ្នា​២​នាក់​តៃកុង​និង​ព្រូ ធ្វើដំណើរ ពី​ជើង​ទៅ​ត្បូង ដឹក​ឥដ្ឋ​ពី​ឡ​នៅ ព្រែក​តា​មាក់​យកទៅដាក់​នៅ​ខេត្តកំពត មកដល់​ចំណុច​ខាង លើ​រថយន្ត​បាន​បែក​កង់​កណ្តាល ចំហៀង​ខាងឆ្វេង ទើប​តៃកុង​និង​ព្រូ​បាន​អែប​រថយន្ត​នៅ ចិញ្ចើមផ្លូវ​ហើយ​កំពុងតែ​អោន​ដោះដូរ​កង់​រថយន្ត ស្រាប់​តែមាន​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៣ អត់​ស្លាក​លេខ បើកបរ​ម្នាក់ឯង ធ្វើដំណើរ ទិសដៅ​ស្របគ្នា​មកដល់​ចំណុច​ខាងលើ​ជា​កន្លែង​ងងឹត​ហើយ​រថយន្ត​ដែល​ខូច នោះ​មិនបាន​ដាក់​សញ្ញា​សំគាល់​ឲ្យ​ប្រុងប្រយ័ត្ន ទើប​ម៉ូតូ​ជិះ​លឿន​ទៅបុក​ព្រូ​រថយន្ត​ដែល​កំពុងតែ​អោន​ដោះដូរ​កង់​រថយន្ត ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ទាំង​អ្នកបើក​ម៉ូតូ​បាក់ជើង​និង ព្រូ​រថយន្ត​ដួល​បោក​ក្បាល​ប្រេះ​លលាដ៍ក្បាល​សន្លប់​ស្តូកស្តឹង ចំណែក​តៃកុង​រថយន្ត​ដែល​អង្គុយ​កំពុង​ដោះដូរ​កង់​រថយន្ត​ដែរ​មិនមាន​រង របួស​បាន​រត់គេចខ្លួន ។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ ចំណែក​ម៉ូតូ និង​រថយន្ត​ដឹក​ឥដ្ឋ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ ៕

20-6-2014

 

Leave a Reply

(*) Required, Your email will not be published