ខេត្តស្ទឹងត្រែង ៖ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទាំងតាមផ្លូវទឹក និងតាមផ្លូវគោកក្នុងខេត្តស្ទឹងត្រែង កំពុងកើតមានយ៉ាងអនាធិបតេយ្យ ហើយលោកស័ក្តិ៣ វ៉ន សុគន្ធ ជាប្រធានក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលចុះទៅប្រចាំការនៅក្នុងខេត្តស្ទឹងត្រែង ក៏កំពុងសប្បាយពង្រាយមន្ត្រីជំនិតៗ ឲ្យចុះប្រមូលលុយពីឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ផ្ទុយពីបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ។
សេចក្តីរាយការណ៍ព័ត៌មានពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា លោក វ៉ន សុគន្ធ បានជួលផ្ទះស្នាក់នៅក្នុងខេត្តស្ទឹងត្រែងយ៉ាងឡូយឆាយ ហើយគាត់បានចាត់តាំងមន្ត្រីជំនិត ឲ្យចុះចល័ត នៅចំណុចអូរពងមាន់ទៅផ្លូវជាតិលេខ៧៨ និងពីចំណុចអូរពងមាន់ ទៅត្រឹមអូរគ្រៀង ទីដែលមានការដឹកជញ្ជូនឈើមកពីគ្រប់ច្រកល្ហក ដើម្បីរាប់ក្បាលឡានយកលុយឈ្មួញធំៗ បានទំនាក់ទំនងបង់លុយឬសុំការយោគយល់ដោយផ្ទាល់ពីលោក វ៉ន សុគន្ធ ប៉ុន្តែសម្រាប់ឈ្មួញតូចតាចវិញតែងតែរងនូវការគាបជំរិតបង្ខំឲ្យបង់លុយដោយគ្មានការយោគយល់។
លោក វ៉ន សុគន្ធ ឈរជើងនៅទីរួមខេត្តស្ទឹងត្រែង ដើម្បីប្រមូលលុយដុំពីក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើពីភាគខាងលើដូចជាស្រុកសៀមប៉ាង និងស្រុកសេសាន ស្រុកថាឡាបរិវត្តជាពិសេសជំនួញឈើខុសច្បាប់ដែលឈ្មួញដឹកជញ្ជូនតាមផ្លូវទឹក និងតាមផ្លូវគាក សុទ្ធតែជាប់កាតព្វកិច្ចបង់លុយជូនលោក វ៉ន សុគន្ធ ឈើ ដឹកជញ្ជូនឈើតាមផ្លូវទឹក និងតាមផ្លូវគោក យ៉ាងគគ្រឹកគគ្រេង គឺសុទ្ឋសឹងបង់លុយជូនទើបអាចដឹកបានដោយសុខស្រួល ។ អគ្គស្នងការនគរបាលជាតិអាចខកចិត្តខ្លាំងសម្បើមចំពោះការចាត់តាំងឲ្យលោក វ៉ន សុគន្ធ ដឹកនាំកម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះទៅប្រចាំការនៅខេត្តស្ទឹងត្រែង ដោយសារតែលោក វ៉ន សុគន្ធ និងបក្ខពួកមិនបានអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើ គិតតែប្រមូលផលប្រយោជន៍យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។
ផលប្រយោជន៍របស់លោក វ៉ន សុគន្ធ ទទួលបានពីក្រុមឈ្មួញមិនដឹងជាយកទៅបែងចែកថ្នាក់ណាខ្លះទេ ព្រោះគាត់បានប្រមូលលុយបំពានទៅលើជំនាញរបស់សមត្ថកិច្ចដទៃ បង្កើតឲ្យមានទំនាស់ផលប្រយោជន៍ធ្លាប់មានការតវ៉ាមកថ្នាក់លើជាបន្តបន្ទាប់ ប៉ុន្តែលោក វ៉ន សុគន្ធ នៅតែមានឱកាសឈរជើង នៅចំណុចខេត្តស្ទឹងត្រែង នោះយ៉ាងរឹងមាំដដែល ។ នៅពេលមានការសួរនាំពីថ្នាក់លើលោកស័ក្តិ៣ វ៉ន សុគន្ធ ជាប្រធានក្រុមនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលចុះទៅប្រចាំការនៅក្នុងខេត្តស្ទឹងត្រែងតែងតែទម្លាក់កំហុសទៅលើឈ្មោះ នី ម៉ៅ ឈ្មោះ នី ម៉ៅ ជាអ្នករ៉ាប់រងមិនមែនគាត់ទេ ។ ករណីខាងលើនេះប្រជាពលរដ្ឋទាមទារអគ្គស្នងការនគរបាលជាតិគួរពិនិត្យនិងមានវិធានការណ៍ចំពោះកូនចៅខិលខូចឈ្មោះ វ៉ន សុគន្ឋដែលយកតួនាទីជាប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃដើរបង្ខំឲ្យពួកឈ្មួញបង់លុយឆៅៗ ដែលជាទង្វើរខុសច្បាប់យ៉ាងច្បាស់ក្រឡែត៕ ដោយចិត្តមុត