គ្រប់​ផ្សារ​នៅ​ខេត្តបាត់ដំបង មាន​កន្លែង​​​​​​ស៊ីសង​ល្បែងភ្នាល់​ទឹកភ្លៀង តែ​លោក​​ស្នង​​ការ ស ថេត និង​លោក ប្រាជ្ញ ចន្ទ ធ្វើ​មិនដឹង​

, , Leave a comment

ខេត្តបាត់ដំបង ៖ បន​ល្បែង​ជា​ប្រវត្តិសាស្ត្រ គឺ​ល្បែងភ្នាល់​ទឹកភ្លៀង ដែលមាន​ទីតាំង​ធំ​នៅ​ចំណុច​ភូមិ​ស្រែ​១០០ នៃ​សង្កាត់​ស្រែ​ចារ ក្រុង​បាត់ដំបង បើក​លេង​ភ្នាល់​ល្បែង​ទឹកភ្លៀង​ជា​រៀងរាល់ឆ្នាំធ្វើជា​ចំហ គ្មានអ្វី​លាក់បាំង​ទេហើយ​នៅ​ចំណុច​ផ្សា​របឹង​ឈូក ក៏​ធ្លាប់មាន​អ្នកញៀន​ល្បែង​ទឹកភ្លៀង​ដើរ​ធ្លាក់​លូ គ្រោះថ្នាក់​ជា​ញឹកញាប់​ផងដែរ ហើយ​ខ្លះទៀត​ក៏​ធ្លាប់​ធ្លាក់​ពីលើផ្ទះ ដោយសារ​ជាប់រវល់​មើល​ខ្សែទឹក​ភ្លៀង ប៉ុន្តែ​រាប់​ទសវត្សរ៍​មកហើយ​ដែល​ទីតាំង​បន​ល្បែងភ្នាល់​ទឹកភ្លៀង ក្នុង​ខេត្តបាត់ដំបង​គ្មាន​ការបង្ក្រាប រហូតមកទល់​ពេលនេះ​ក៏​ព្រោះតែ​អ្នកម៉ៅការ​កាង​ល្បែងភ្នាល់​ទឹកភ្លៀង​បាន​ចំណាយ​ប្រាក់​ក្នុង​មួយ​រដូវៗ មិនតិចជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ សម្រាប់​បង់​ឲ្យ​ស្នងការ​នគរបាល មេ​កងរាជអាវុធហត្ថ និង​អាជ្ញាធរខេត្ត​កុំ​ឲ្យ​បង្ក្រាប​បន​ល្បែង​ជា​ប្រវត្តិសាស្ត្រ​នោះ​។​

0b38bb4d-dfbb-4fbc-9421-b1e3a92c302c

គេ​ដឹងថា​អ្នករត់​ការបង់​លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ រួមទាំង​អ្នកសារព័ត៌មាន​មួយចំនួន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ទីតាំង​បន​ល្បែងភ្នាល់​ទឹកភ្លៀង​ដុះ​ស្លែ នៅក្នុង​ខេត្តបាត់ដំបង គឺ​ឈ្មោះ ទូច ជា​នគរបាល​ពាក់​ស័ក្តិ​៣ ហើយ​អ្នកម៉ៅការ​កាង​បន​ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ផ្លាស់ប្តូរ​ជា​ញឹកញាប់ តាមរយៈ​ការដេញថ្លៃ​។ កាលពី​ប៉ុន្មាន​ឆ្នាំមុន គេ​ដឹងថា អ្នកម៉ៅការ​កាង​បន​ល្បែងភ្នាល់​ទឹកភ្លៀង នៅក្នុង​ខេត្តបាត់ដំបង ចំណាយ​ប្រាក់​ប្រមាណ​១​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ សម្រាប់​បង់​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ កុំ​ឲ្យ​រំខាន​បន​ល្បែងភ្នាល់​ទឹកភ្លៀង ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៣​នេះ ការដេញថ្លៃ​កាង​បន​ល្បែងភ្នាល់​ទឹកភ្លៀង គឺ​ឡើងដល់ ៣​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ បន្ទាប់ពី​តុលាការខេត្ត​បាត់ដំបង ធ្លាប់បាន​ចាត់វិធានការ​ក្តៅ​ចុះទៅ​បង្ក្រាប បន​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​កាលពី​ឆ្នាំមុន​។

 

នៅ​ចំណុច​វាលស្រែ​១០០ នៃ​សង្កាត់​ស្រែ​ចារ ក្រុង​បាត់ដំបង គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ជា​អ្នកញៀន​ល្បែងភ្នាល់​ទឹកភ្លៀង បានធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា​នៅ​ទីនោះ ឬ​ឡើង​ទៅលើ​ខ្ទម​បាក់បែក​មួយ ដើម្បី​ពិនិត្យមើល​ខ្សែទឹក​ភ្លៀង ហើយ​គេ​ប្រើប្រាស់​វិទ្យុទាក់ទង ប្រកាស​ភ្នាល់​គ្នា ដូច​ធ្លាប់បាន​អនុវត្តន៍​រាប់​ទសវត្សរ៍​មកហើយ​។​សូម្បីតែ​នៅលើ​ដំបូល​ផ្សា​របឹង​ឈូក ក៏មាន​មេ​ភ្នាល់​ទឹកភ្លៀង ដាក់​អាង​សម្រាប់​ត្រងទឹក បម្រើ​ឲ្យ​ការ​ភ្នាល់​យ៉ាង​គគ្រឹកគគ្រេង​ហើយ​រូបភាព​នេះ​កើតមាន​ចំហ និង​ជា​បទល្មើស​ជាក់ស្តែង ហេតុអ្វី​បានជា​លោក ប្រាជ្ញ ចន្ទ ក្នុងឋានៈ​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តបាត់ដំបង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិនដែល​ចាត់វិធានការ​បង្ក្រាប ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។

Rain2

បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​នៅក្នុង​ខេត្តបាត់ដំបង កំពុង​រីកដុះដាល ហើយ​នៅតាម​ផ្សារ​នានា​គេ​សង្កេតឃើញ​មានការ​ដាក់​សៃយ៉ឺន ដែល​ភាសា​សាមញ្ញ​គេ​ហៅថា ជា​ជញ្ជីង​ស៊ីសង​ភ្នាល់​ទឹកភ្លៀង កើតមាន​យ៉ាង​រាលដាល​មិនដឹង​ជា​ទប់ស្កាត់ ដោយ​វិធី​ណា​នោះទេ​។ សៃយ៉ឺន ឬ​ជញ្ជីង​ស៊ីសង​ភ្នាល់​ទឹកភ្លៀង ត្រូវបាន​ដាក់តាំង​ជា​ចំហ ប្រៀបដូចជា​កន្លែង​លក់​មាស ប្តូរប្រាក់ ឬ​កន្លែង​វេរ​ប្រាក់ ហើយ​សុទ្ធតែ​ត្រូវ​បង់ថ្លៃ​ការពារ​ឲ្យ​អ្នកម៉ៅការ​កាង​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង ទើប​អាចធ្វើ​សកម្មភាព​ស៊ីសង​បាន ហើយ​បើតាម​ប្រភពព័ត៌មាន​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា សៃយ៉ឺន​ឬ​ជញ្ជីង​ស៊ីសង​ភ្នាល់​ទឹកភ្លៀង​មួយកន្លែងៗ ត្រូវ​បង់ប្រាក់​ចាប់ពី​៥​រយ​ដល់​១​ពាន់​ដុល្លារ​អាមេរិក  ទើប​អាច​ដំណើរការ​អាជីវ​កម្មបាន​។

 

យ៉ាងណាក៏ដោយ​គោលការណ៍​ភូមិ ឃុំ មាន​សុវត្ថិភាព​បានចែង​បញ្ជាក់​យ៉ាងច្បាស់ ពី​វិធី​ការណ៍​ទប់ស្កាត់​បង្ក្រាប​ប​ន​ល្បែងស៊ីសង​ខុសច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព ព្រោះ​ទីតាំង​បន​ល្បែងស៊ីសង គឺជា​ប្រភព​បង្កើត​ឲ្យ​មាន​បទល្មើស​ក្នុងសង្គម រំខាន​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ ប៉ុន្តែ​លោក ប្រាជ្ញ ចន្ទ មិនដែល​យកចិត្តទុកដាក់​លុបបំបាត់ ទីតាំង​បន​ល្បែងភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ​។ គេ​ចង់ឃើញ​ស្ថាប័ន​តុលាការខេត្ត​បាត់ដំបង ចាត់វិធានការ​ក្តៅ​ចុះទៅ​បង្ក្រាប​ទីតាំង ល្បែងភ្នាល់​ទឹកភ្លៀង​នៅក្នុង​ខេត្តបាត់ដំបង សាជាថ្មី​ម្តងទៀត ព្រោះ​ទីតាំង​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ក្នុង​ខេត្តបាត់ដំបង ដែល​បើក​លេង​រាប់​ទសវត្សរ៍​មកហើយ​នោះ ថ្ងៃ​ខ្លះ​មានការ​ភ្នាល់​ស៊ីសង​ទ្រង់ទ្រាយ​ធំ​ដល់​ខ្ទង់​ម៉ឺន ឬ សែន​ដុល្លារ​ឯណោះ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​សុទ្ធតែ​សើម​មាត់​គ្រប់ៗ​គ្នា ទើប​គ្មាន​វិធានការ​បង្ក្រាប​៕

 

 

 

Leave a Reply

(*) Required, Your email will not be published