អំពើហិង្សា​លើ​ម្តាយ ធ្វើ​ឲ្យ​បុរស​ម្នាក់​បានក្លាយ​ជា​ឃាតក​សម្លាប់​ឪពុកក្មេក​

, , Leave a comment

​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រោយពី​វាយ​សម្លាប់​ឪពុកក្មេក​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៤​វេលា​ម៉ោង​៧​ព្រឹក ត្រង់ចំណុច​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនដៃដល់​ដែល​វាយ​សម្លាប់​ឪពុកក្មេក​មានឈ្មោះ សាន ចំរើន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ប៊ូ ចេក អាយុ​២៣​ឆ្នាំ​នៅ​ធ្វើ​ការងារ​ប្រទេស​ថៃ​។ ចំណែក​បុរស​ជា​ឪពុកក្មេក និង​ជា​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ ប៊ូ បឿន ហៅ​ជ្រូក អាយុ​៤៧​ឆ្នាំមាន​ប្រពន្ធ​ឈ្មោះ ជា យឿន អាយុ​៤៩​ឆ្នាំ​។ ទាំងអស់គ្នា​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ចបកាប់​បាក់ដង និង​ផ្លែចប​ចំនួន​១​នៅក្បែរ​សព​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​ជនរងគ្រោះ​ធ្លាប់មាន​ទំនាស់​គ្នា​តិចតួច​ហើយ​នៅ​ព្រឹក​កើតហេតុ​ជនរងគ្រោះ​កាន់ដំបង​ដេញ វាយ​ប្រពន្ធ ប៉ុន្តែ​មិនទាន់បាន​វាយ​ត្រូវ​បន្តិច​ណា​នោះ ចំណែក​កូនប្រសា​ពេលដែល​ឃើញ​ឪពុកក្មេក​ដេញ​វាយ​ម្តាយក្មេក​រត់​ចេញពីផ្ទះ​បាន​ស្ទុះ​យក​ចបកាប់​សំដៅ វាយ​ទៅលើ​ជនរងគ្រោះ​ចំ​កញ្ចឹងក​ចំនួន​៣​ត្បូងចប​បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ​រួច​រត់គេចខ្លួន​តែម្តង​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ឪពុកក្មេក​មែន​នេះ​ក៏​ដោយសារតែ​ទ្រាំ​មិនបាន​នូវ​អំពើ​ឃោរឃៅ និង​យង់ឃ្នង​របស់​ឪពុកក្មេក​ទៅលើ​ម្តាយក្មេក​ញឹកញាប់​ខ្លាំងពេក​ដែល​ធ្វើ​ឲ្យ​ពិបាក​ភ្នែក​យ៉ាងខ្លាំង​ផង​ទើប​សម្រេចចិត្ត​បញ្ចប់ជីវិត​របស់គាត់​ទៅ​កុំ​ឲ្យ​នៅតែ​រ៉ាំរ៉ៃ​របៀបនេះ​តទៅ​ទៀតហើយ​ខ្លួន​ក៏​មិនបាន​រត់​ទៅណា​ដែរ ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​សំពៅ​លូន​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់ ៕

06-6-2014

 

Leave a Reply

(*) Required, Your email will not be published