ខេត្តកណ្តាល ៖ ច្រើនឆ្នាំមកហើយដែលក្រុមមន្ត្រីសាធារណការខេត្តកណ្តាលបាននាំគ្នាដាក់ប៉ុស្តិ៍ជជុះនៅចំណុចផ្សារឧដុង្គ តាមផ្លូវជាតិលេខ៥នៃស្រុកពញាឮ ខេត្តកណ្តាល ដើម្បីត្រួតពិនិត្យរថយន្តដឹកជញ្ជូនលើសទម្ងន់ក្នុងន័យបង្ការទប់ស្កាត់កុំឲ្យមានការបំផ្លាញផ្លូវស្ពាន ប៉ុន្តែរឿងពិតជញ្ជីងថ្លឹងរថយន្តនៅផ្សារឧដុង្គនោះ បានត្រឹមតែរាប់ក្បាលឡានដឹកទំនិញយកលុយតែប៉ុណ្ណោះ មិនដែលខ្វល់ខ្វាយពីការផ្ទុកលើសទម្ងន់អ្វីនោះទេ ដែលសូម្បីតែក្បែរទីតាំងជញ្ជីងថ្លឹងរថយន្តគេសង្កេតឃើញផ្លូវជាតិលេខ៥ ប្រេះស្រុតជាច្រើនកន្លែងហើយលោក ម៉ឹង យូឡេង ជាប្រធានមន្ទីរសាធារណការខេត្តកណ្តាល មិនដែលអើពើពីភាពអសកម្មទាំងនេះទេ។
ប្រជាពលរដ្ឋអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥បានឲ្យដឹងថា សម្រាប់រថយន្តដឹកទំនិញមួយគ្រឿងត្រូវចូលបង់លុយថ្លៃបាយ ឲ្យក្រុមជញ្ជីងថ្លឹងរថយន្តនៅក្បែរផ្សារឧដុង្គនោះចាប់ពី៤ម៉ឺនរៀលដល់១០ម៉ឺនរៀលជាទៀងទាត់ ។ ក្នុងមួយថ្ងៃៗមានរថយន្តដឹកជញ្ជូនទំនិញមកពីច្រកព្រំដែននានារាប់រយគ្រឿងទាំងរថយន្តខ្សែ ហើយក៏មានការដឹកទំនិញខុសច្បាប់ និងទំនិញគេចពន្ធដែលក្រុមជញ្ជីងថ្លឹងរថយន្តរបស់លោក ម៉ឹង យូឡេង សប្បាយក្នុងការកើបលុយច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនតាមវិធីកោសរូសផ្សេងៗហើយក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញមិនចង់ឲ្យមានបញ្ហាក៏ ចេះតែបង់លុយឲ្យក្រុមជញ្ជីងថ្លឹងរថយន្តនោះដើម្បីចៀសផុតពីការត្រួតពិនិត្យឆែកឆេរ ឬការរុះរើផ្ទេរទំនិញ។
សកម្មភាពក្រុមជញ្ជីងថ្លឹងរថយន្តនៅក្បែរផ្សារឧដុង្គមិនខុសពីក្រុមកុងត្រូលជជុះប៉ុន្មាននោះទេ គឺពួកគេចាំតែអង្គុយរាប់ក្បាលឡានដឹកទំនិញយកលុយទាំងការផ្ទុកលើសទម្ងន់ និងការផ្ទុកមិនលើសទម្ងន់សូម្បីតែរថយន្តតាក់ស៊ីក៏ត្រូវតែចូលបង់លុយថ្លៃក្បាលឡានចាប់ពី៥ពាន់រៀល ដល់២ម៉ឺនរៀល បើមិនដូច្នេះទេក្រុមជញ្ជីងថ្លឹងរថយន្ត នឹងប្រដេញតាមចាប់ឲ្យចូលបង់លុយផាកពិន័យក្នុងកម្រិតខ្ពស់។ក្នុងមួយថ្ងៃៗគ្រាន់តែប្រាក់ចំណូលដែលបានមកពីការរាប់ក្បាលឡានយកលុយរកតែបាវច្រកគ្មានទេ ជាពិសេសនៅពេលយប់មានរថយន្តដឹកជញ្ជូនទំនិញទាំងខ្សែៗ គឺជាប្រភពចំណូលមិនចេះរីងស្ងួតរបស់លោក ម៉ឹង យូឡេង ដែលរក្សាទុកក្រុមជញ្ជីងថ្លឹងរថយន្តនៅក្បែរផ្សារឧដុង្គ ជាសេនាធិការសម្រាប់ប្រមូលលុយយកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន ។ ជាគោលការណ៍សាលាខេត្តកណ្តាលបានឯកភាពឲ្យមានការរៀបចំបង្កើតទីតាំងជញ្ជីងថ្លឹងរថយន្តឲ្យធ្វើសកម្មភាពចល័តនៅតាមដងផ្លូវនានាទីដែលមាន ការដឹកជញ្ជូនលើសទម្ងន់ដើម្បីបង្ការកុំឲ្យខូចខាតផ្លូវថ្នល់ប៉ុន្តែលោក ម៉ឹង យូឡេង មិនបានយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានដិតដល់ចំពោះសកម្មភាពនៃ ការដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ម្តងណាឡើយ គិតតែប្រមូលប្រាក់ថ្លៃក្បាលឡានដូចជាក្រុមជញ្ជីងថ្លឹងរថយន្តនៅក្បែរផ្សារឧដុង្គបានធ្វើសកម្មភាពរាប់ទសវត្សរ៍មកហើយតាំងពីជំនាន់លោក មាស សឿន រហូតដល់ពេលដែលលោក ម៉ឹង យូឡេង ឡើងធ្វើជាប្រធានសាធារណការខេត្តកណ្តាលអ្វីៗនៅតែដដែលគ្មានការកែទម្រង់ទេ។
នៅពេលអ្នករកស៊ីដឹកជញ្ជូនទំនិញសួរនាំពីការកោសរូសឲ្យបង់លុយក្នុងកម្រិតខ្ពស់គេសង្កេតឃើញមន្ត្រីប្រចាំការនៅជញ្ជីងរថយន្តក្បែរផ្សារឧដុង្គ បញ្ជាក់ថាប្រមូលលុយបង់ជូនមេ។ តែគេមិនដឹងថាមេកើយរបស់ពួកគេឈ្មោះអ្វីនោះទេ គ្រាន់តែដឹងថាក្រុមជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់នៅទូទាំងខេត្តកណ្តាល ស្ថិតក្រោមការបញ្ជាផ្ទាល់របស់ក្រុមចម្រុះដែលដឹកនាំដោយមន្ទីរសាធារណការខេត្តកណ្តាល និងមានការចូលរួមពីមន្ត្រីសាលាខេត្តកណ្តាលដូច្នេះ គេអាចកាត់យល់បានថាទីតាំងជញ្ជីងថ្លឹងរថយន្តនៅចំណុចផ្សារឧដុង្គ នេះគឺជាប្រភពសេដ្ឋកិច្ចសម្រាប់ចិញ្ចឹមឆ្នាំងបាយរបស់ថ្នាក់ដឹកនាំសាលាខេត្តកណ្តាលផងដែរ។ លោក ម៉ឹង យូឡេង កំពុងកាក់កបបំផុតក្នុងការចាត់តាំងឲ្យក្រុមជញ្ជីងថ្លឹងរថយន្តចុះធ្វើសកម្មភាពតាមផ្លូវជាតិ ព្រោះទាំងរថយន្តផ្ទុកលើសទម្ងន់ និងមិនលើសទម្ងន់សុទ្ធតែជាប់កាតព្វកិច្ចចូលបង់លុយទាំងអស់ហើយគេមិនដឹងថាលុយទាំងនេះត្រូវបង់ចូលខ្ទង់ថវិកាជាតិណាមួយឬគ្រាន់តែប្រមូលលុយយកទៅបង់ ចូលហោប៉ៅរបស់លោក ម៉ឹង យូឡេង តាមរបៀបពុករលួយនោះទេ ៕