បាក់​ដី​សង្កត់​បុគ្គលិក​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ក្នុងការ​បំពេញការងារ និង​ប្រធាន​ដឹកនាំ​នៅ​ការដ្ឋាន​ជីក​គាស់​ដាក់​បំពង់​ទុយោ​ទឹកស្អាត​ខ្វះ លក្ខណៈ​បច្ចេកទេស ទើប​បណ្តាល​ឲ្យ​ដី​បាក់​សង្កត់​បុគ្គលិក​រប​ស់​ខ្លួន​រងរបួស​ធ្ងន់​កាល ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​ការដ្ឋាន​ផ្លូវ​វេ​ង​ស្រេង ស្ថិត ក្នុងភូមិ​ដំណាក់​ធំ​ទី​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខណៈដែល​បុគ្គលិក​រងគ្រោះ​កំពុង​ចុះ​ត​ភ្ជាប់​ទុយោ​ទឹកស្អាត ។

 

ក្រោយ​កើតហេតុ​គ្រឿងចក្រ​បាន​កាយ​យក​បុគ្គលិក​រងគ្រោះ រួច​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ វៀត ក៏ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ទើប​បណ្តាល​ឲ្យ​បុគ្គលិក​រងគ្រោះ​ស្លាប់បាត់​បង់ជីវិត​នៅវេលា​២​និង ៤០​នាទី​ថ្ងៃ​ដដែល​។​

 

​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​ដែលជា​បុគ្គលិក បំរើ​ការងារ​ដូចគ្នា បាន​ប្រាប់​ឲ្យ​ដឹង​ដោយ​ទឹកមុខ​ក្រៀមក្រំ​ថា បុគ្គលិក​រងគ្រោះ​មានឈ្មោះ អ៊ុក សុខ​ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ។ ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ​បុគ្គលិក​រដ្ឋាករទឹក​ស្វយ័ត​បាននាំគ្នា​ចុះទៅ ក្នុង​រណ្តៅ​ជម្រៅ​ប្រហែល​ជាង​៣​ម៉ែត្រ​ដើម្បី​ត​ភ្ជាប់​ទុយោ​បណ្តាញទឹក ស្អាត ។ នៅពេលដែល​កំពុងធ្វើកា​រ​នៅក្នុង​រណ្តៅ​នោះ ស្រាប់តែ​ឭ​សំ​រឹប​ដី​បាក់​ហើយក៏​នាំគ្នា​ស្រែក​ឆោឡោ​ថា​ដី​បាក់​ហើយៗ កម្មករ​ក៏​នាំគ្នា​រត់ឡើង​មកលើ​អស់ ។ ដោយឡែក​នៅសល់តែ​ជនរងគ្រោះ​ម្នាក់ឯង​គាត់​កំពុង​ឱន​មូល​ខ្ចៅ​ក្បាល​ទុយោ​មិនដឹង​ខ្លួន ក៏ត្រូវ​ដី​បាក់​សង្កត់ពីលើ​គាត់​តែម្តង​។​

 

​ប្រភព​សាក្សី​ដដែល​បន្តថា ទម្រាំ​តែ​គ្រឿងចក្រ​កាយ​ដី​ចេញ​វិញ​ដើម្បី​យក​ជនរងគ្រោះ​ជាង​១​ម៉ោង​ឯណោះ ពេល​កាយ​ហើយក៏​ប្រ​ញ៉ាប់​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះ តែដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ថា​មិន​អាចជួយ​អាយុជីវិត​គាត់​បានទេ ។​

 

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រធាន​ទទួលបន្ទុក​ការដ្ឋាន​រដ្ឋាករទឹក​ស្វយ័ត​រៀបចំ ឲ្យ​រថយន្ត​ដឹក​ទៅ​ស្រុក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ។ ប៉ុន្តែ អ្វីដែល​គេ​កត់សម្គាល់​នោះ បន្ទាប់ពី​ជនរងគ្រោះ​ស្លាប់​នៅក្នុង​មន្ទីរពេទ្យមាន​អ្នកសារព័ត៌​មានបាន​ទៅ​ថតរូប​សាកសព ប៉ុន្តែ​ត្រូវ​សន្តិសុខ​មន្ទីរពេទ្យ​ដេញ​អ្នកកាសែត មិន​ឲ្យ​ថត​ភាព​សាកសព​បុគ្គលិក​រដ្ឋាក​រ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​នោះ ឡើយ

04-6-2014

 

Leave a Reply

(*) Required, Your email will not be published