ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងចំពោះកម្លាំងប៉ូលីសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលមានប្រធាន ឧត្តមសេនីយ៍ទោ ជា សុម៉េធី បានដាក់កូនចៅក្រោមឱវាទចុះមកកាន់ទឹកដីខេត្តកំពង់ឆ្នាំង ដើម្បីឃ្លាំមើលនិងបង្ក្រាបបទល្មើសទូទៅដែលជាប់ពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ច ។
ក្រុមអ្នករកស៊ីដឹកទំនិញតាមបណ្តោយផ្លួវជាតិលេខ៥ បានរអ៊ូរទាំថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង ដែលចុះបំពេញបេសកកម្មមកកាន់ទឹកដីខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ដឹកនាំ ដោយនាយការនិយាល័យនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃក្រោមកាដឹកនាំរបស់លោកវរៈសេនីយ៍ឯក ទូច យុទ្ធា បានបែងចែកកម្លាំងជាបីក្រុម ដោយក្រុមទី១ឈរជើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រុមទី២ឈរជើងនៅខាងលិចផ្សារត្រាច ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខាងលើត្រូវបានប្រជាពលរដ្ឋរិះគន់ និងចោទថា ដាក់កុងត្រូលជជុះដេញប្រមាញ់ស្ទាក់ចាប់រថយន្តដឹកទំនិញ ជាពិសេសរថយន្តដឹកផលអនុផលព្រៃឈើ ជំរិតទារប្រាក់។ ប្រជាពលរដ្ឋដែលជាអ្នករកស៊ីដឹក សត្វគោ ក្របី មាន់ ទា ជ្រូក ត្រូវឈប់ចូលបង់លុយឲ្យប៉ូលីសដែលឈរជើងនៅខាងលើដោយមិនអាចអាក់ខានបានឡើយដោយឡែករថយន្តដឹកឈើប្រណីតដូចជាគ្រញូង នាងនួនជាដើម សម្រាប់រថយន្តហាយឡិនដឺ ឡិចស៊ីស សាំយ៉ុង កាមរីបាឡែន និងហាយប្រ៊ីត រត់ឆ្លងកាត់គោលដៅនេះត្រូវតែចំណាយលុយក្នុងមួយរថយន្តសម្រាប់ខេត្តពោធិ៍សាត់ចំនួន២០០ដុល្លារ និងខេត្តកំពង់ឆ្នាំង២០០ដុល្លារទៀត បើមិនដូច្នោះទេនិងត្រូវដេញប្រមាញ់ចាប់ពិន័យមិនខានឡើយ។
ប្រភពខាងលើបានអះអាងបន្តថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខាងលើនេះចុះមកកាន់ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ជាង២ឆ្នាំកម្លងមកហើយការបង្ក្រាបមានតិចតួចណាស់ស្ទើតែអត់ក៏ថាបាន ហើយគេបង្ក្រាបតែចំពោះរថយន្តដឹកឈើប្រណីតណាដែលមិនបានបង់ប្រាក់ ឬរថយន្តបែកកង់ ឬជួបឧបទ្ទបហេតុគ្រោះថ្នាក់ចរាចរណ៍ទៅមុខលែងរួចប៉ុណ្ណោះ។ ដោយឡែកកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រុមទី៣ដឹកនាំដោយលោក មករា ក៏ត្រូវប្រជាពលរដ្ឋចោទប្រកាន់ និងរិះគន់ដែរថា ក្រុមនេះជាក្រុមដែលរៀបចំដាច់ដោយឡែក សម្រាប់ធ្វើសកម្មភាពប្រដេញរថយន្តដឹកផលអនុផលព្រៃឈើលើផ្លូវគ្រួសក្រហម ហើយក្រុមនេះកំពុងតែធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយ ដោយសារតែពួកគេបើករថយន្តកាមរីស្វិតពណ៌ស ប្រដេញគោយន្តកន្ត្រៃដឹកអុស និងដឹកឈើបន្តិចបន្តួចយកទៅធ្វើផ្ទះសម្បែងនោះ ត្រូវពួកគេឃាត់ទារលុយយ៉ាងចាស់ដៃ ។
កន្លងមកថ្មីៗនេះប៉ូលីសសេដ្ឋកិច្ចដែលដឹកនាំដោយលោក មករា នេះបានធ្វើដំណើរទៅកាន់ស្រុកបរិបូណ៌ហើយឃាត់រទេះគោ-ក្របីរបស់ប្រជាពលរដ្ឋដឹកកូនឈើបន្តិចបន្តួចយកមកប្រើប្រាស់នៅក្នុងផ្ទះដោយជំរិតទារលុយពីប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះលោក មករា បានប្រាប់ប្រជាពលរដ្ឋចំពោះការដឹកឈើក្តារ ឬឈើគ្រឿងយកមកធ្វើជាផ្ទះ បើស្តុបទុកនៅក្នុងលំនៅដ្ឋានលើសពី២ម៉ែត្រគូប ពួកគេនឹងចាប់បើមិនចង់ឲ្យប៉ូលីសចាប់ទេត្រូវតែរត់ការមកជួបលោក មករា ។
កន្លងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានព្រមានដល់កងកម្លាំងប្រដាប់អាវុធដែលប្រាស់ចាកពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការសម្រួលចរាចរណ៍រកស៊ីចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដោយហាមមិនឲ្យមានការដាក់កុងត្រូលជជុះ ហើយអ្នកដែលដើរតួសំខាន់ក្នុងបញ្ហានេះគឺអាជ្ញាធរខេត្តនីមួយៗ ត្រូវតែមើលផ្លូវនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប្រចាំ។ ជុំវិញបញ្ហានេះកងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលត្រូវប្រជាពលរដ្ឋចោទប្រកាន់ខាងលើពុំទាន់មានការអធិប្បាយពីពន្យល់ឡើយ៕