ក្រុងឡុងដ៏ ៖ ក្រោយពីប្លន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារ មេបញ្ជាការ កងទ័ពជើងគោកថៃ ឈ្មោះ ប្រាយុទ្ធ ចាន់អូឆា កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៤ អតីតនាយករដ្ឋមន្ត្រី យីងឡាក់ និងសមាជិកក្រុមគ្រួសាររបស់លោកស្រីព្រមទាំងមន្ត្រី សំខាន់ចំនួន ១៥៥នាក់ផ្សេងទៀត ត្រូវបានកម្លាំងទាហានបានឃុំខ្លួនមិនឲ្យចាកចេញ ពីទីបញ្ជាការដ្ឋាន កងទ័ពជើងគោក ទីដែលលោកស្រីទៅជួប លោកប្រមុខមេទ័ព ច័ន្ទអូឆា ។អង្គការលើកលែង ទោសអន្តរជាតិ (Amnesty International) បានថ្លែងថ្កោល ទោស ចំពោះទង្វើរបស់រដ្ឋាភិបាល យោធាថៃ ដែលបានឃុំខ្លួន អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ព្រមទាំងមន្ត្រី សំខាន់ចំនួន ១៥៥នាក់ផ្សេងទៀត។
អង្គការដែលមូលដ្ឋាន នៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ឱ្យដឹងថា “ខ្លួនមានការព្រួយបារម្ភ ជាខ្លាំង ដែល (រដ្ឋាភិបាល) យោធាដឹកនាំដោយមេរដ្ឋប្រហារយោធាឈ្មោះ ប្រាយុទ្ធ ចាន់អូឆា ឈានទៅដល់ការឃុំខ្លួន មេដឹកនាំនយោបាយ។ របប (យោធា)នេះ ត្រូវតែបញ្ជាក់ជា បន្ទាន់ផ្អែក លើមូលដ្ឋានច្បាប់ ចំពោះទង្វើនេះ។ គ្មាននរណាម្នាក់ ត្រូវបានចាប់ឃុំខ្លួន ដោយសារតែការ ជួបជុំសម្តែងមតិខាងនយោបាយដោយសន្តិវិធីនោះទេ”។
ដូចគ្នានេះដែរឧត្តមស្នងការ អង្គការសហប្រជាជាតិ លោក ស្រី ណាវី ភីឡាយ បានថ្លែងទទូចឱ្យប្រទេសថៃ ធ្វើយ៉ាងណាគោរពសិទ្ធិមនុស្សនិងស្តារឡើងវិញនូវនីតិរដ្ឋ នៅក្នុងរាជាណាចក្រថៃ។ រដ្ឋមន្ដ្រីការបរទេសអាមេរិកលោក ចន ឃែររី កាលពីថ្ងៃទី២២ ឧសភា បានថ្កោលទោសយ៉ាងខ្លាំងចំពោះរដ្ឋប្រហារនេះដោយគំរាមផ្អាកកិច្ចសហ ប្រតិបត្ដិការខាងយោធាជាប្រវត្ដិសាស្ដ្ររវាងសម្ព័ន្ធមិត្ដទាំង២ ។ សហរដ្ឋអាមេរិកភ្លាមៗកំណត់ថា នោះពិតជារដ្ឋប្រហារយោធាមួយ ដែលតាមផ្លូវច្បាប់ការកំណត់បែបនេះតម្រូវឱ្យរដ្ឋាភិបាលអាមេរិក កាត់ផ្ដាច់មួយផ្នែកនៃជំនួយទ្វេភាគី ។ ក្រៅពីសហរដ្ឋអាម៉េរិក ក៏មានបារាំង និង អាល្លឺម៉ង់ និងប្រទេសច្រើនទៀត ដែលថ្កោលទោសចំពោះការ ធ្វើរដ្ឋប្រហារនេះ ស្របពេលដែលអង្គការសហប្រជាជាតិ បានប្រកាសសម្តែងការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅជុំវិញព្រឹត្តិការណ៍ដ៏ក្តៅគគុកកំពុងកើតមានឡើងនៅប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ៕