ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋជាង១០០នាក់នៅក្នុងស្រុកសៀមប៉ាងបានផ្ទុះកំហឹងខណៈដែលកម្លាំងអាវុធហត្ថដឹកនាំដោយលោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាតុលាការខេត្តស្ទឹងត្រែង ចុះបង្ក្រាបឈើប្រណីត នៅតាមផ្ទះរបស់ពួកគេ និងឈានដល់ការលើកគ្នា ចូលទៅរំដោះយកគោយន្តកន្ត្រៃដឹកឈើ២គ្រឿងទូក១គ្រឿង នៅក្នុងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង ត្រឡប់មកវិញកាលពីវេលាម៉ោងប្រមាណជា៥ល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។
ប្រភពឲ្យដឹងពីប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងបានឲ្យដឹងថានៅព្រឹកថ្ងៃទី២២ កម្លាំងអាវុធហត្ថ និងតុលាការដែលដឹកនាំដោយលោក ប៉ែន សារ៉ាត ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តស្ទឹងត្រែង រួមនឹងជំនាញរដ្ឋបាលព្រៃឈើ ខេត្តបាននាំគ្នាចុះទៅចាប់ឈើតាមរោងសិប្បកម្ម និងតាមផ្ទះប្រជាពលរដ្ឋ ។ ខណៈដែលកម្លាំអាវុធហត្ថចុះឆែកឆេរនៅតាមផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិផាបាំង ឃុំថ្មកែវ និងបានរឹបអូសឈើប្រណិតប្រភេទធ្នង់ ចំនួន៣សន្លឹក និងឈើនាងនួន១១ដុំទៅកាន់រដ្ឋបាលព្រៃឈើ ហើយបន្តទៅធ្វើការចុះបង្ក្រាប ក្នុងឃុំសេកុបន្តទៀតនោះ ឈើដែលបង្ក្រាបបានជាច្រើនសន្លឹកទៀត ដែលមិនទាន់បានដឹកទៅកាន់រដ្ឋបាលព្រៃឈើផងនោះ ក៏បានត្រូវប្រជាពលរដ្ឋផ្ទុះកំហឹងឡើងតែម្តង។
ប្រភពបានបន្តទៀតថា ដោយសារតែមានការតវ៉ានិងផ្ទុះកំហឹងពីប្រជាពលរដ្ឋ និងខ្លាចមានអំពើហឹង្សាណាមួយកើតឡើងនោះ កម្លាំងអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរួមនឹងលោក ប៉ែន សារ៉ាត ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តស្ទឹងត្រែង បានដកកម្លាំងវិលត្រឡប់មកខេត្តវិញ ។
ក្រោយពីកម្លាំងសមត្ថកិច្ចបានដកចេញអស់ប្រជាពលរដ្ឋជាង១០០នាក់ ដែលបានផ្ទុះកំហឹង ដោយសារសមត្ថកិច្ចចុះរឹបអូសឈើ នៅក្នុងផ្ទះរបស់ពួកគាត់ បានលើគ្នាចូលទៅរំដោះគោយន្ត ចំនួន២គ្រឿងរួមទាំងឈើដែលជំនាញបង្ក្រាប និងទូកមួយគ្រឿង ដែលកម្លាំងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង បានបង្ក្រាបកាលពីប៉ុន្មានថ្ងៃកន្លងនេះយកទៅបាត់។
ពាក់ព័ន្ធនិងការបង្ក្រាបឈើខាងលើនេះលោក ប៉ែន សារ៉ាត ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តស្ទឹងត្រែងទើបតែមកកាន់តំណែងថ្មីបានបញ្ជាក់ប្រាប់ថា ទាក់ទងនឹងការចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ ដោយសារតែប្រជាពលរដ្ឋមានការតវ៉ា និងខ្លាចមានការប៉ះទង្គិចគ្នាជាមួយប្រជាពលរដ្ឋ ទើបកម្លាំងសមត្ថកិច្ចដកចេញមកវិញ ដើម្បីបញ្ជៀសស្ថានការតានតឹង។
ដោយឡែកលោក ស្រស់ សារិន នាយរងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាងបានប្រាប់ឲ្យដឹងថាករណីដែលប្រជាពលរដ្ឋ ទៅវាយរំដោះយកគោយន្ត និងឈើនៅទីស្នាក់ការរបស់លោកនេះ កន្លងមកប្រជាពលរដ្ឋនៅឃុំព្រែកមាស ក៏ធ្លាប់បានកើតឡើង១លើករួចមកហើយនៅដើមឆ្នាំនេះ បានវាយដណ្តើមយកគោយន្ត១គ្រឿង ។ នេះជាលើកទី២ហើយគោយន្តកន្ត្រៃចំនួន២គ្រឿង ទូក១គ្រឿង រួមនឹងឈើប្រណីតមួយចំនួនត្រូវបានរំដោះយកទៅបាត់ ។
ជុំវិញករណីតវ៉ា និងរំដោះវត្ថុតាងបទល្មើសព្រៃឈើ ចេញពីផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាងខាងលើនេះ គេមិនទាន់ដឹងថា សមត្ថកិច្ចមានវិធានការយ៉ាងណានៅឡើយទេ៕