ខេត្តកណ្ដាល ៖ ហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់មួយបានកើតឡើង ខណៈដែលភាពធ្វេសប្រហែសរបស់ឪពុកដែលឈប់រថយន្តនៅត្រង់មាត់ច្រាំង ហើយមិនបានចាប់ហ្វ្រាំងមុខក៏រអិលកង់ធ្លាប់ទៅក្នុងទឹកទន្លេ បណ្តាលឲ្យក្មេងប្រុសអាយុ៤ឆ្នាំម្នាក់បានស្លាប់នៅក្នុងរថយន្ត កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ត្រង់ចំណុចភូមិព្រែកស្វាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ក្មេងរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ នី រ័ត្ន អាយុ៤ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះ នី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំព្រែកគយ ស្រុកស្អាង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឪពុកក្មេងរងគ្រោះបានបើករថយន្តសាំយ៉ុងពណ៌ស ដឹកកូនប្រុសអាយុ៤ឆ្នាំ មកកាន់ច្រាំងទន្លេ ក្នុងគោលបំណងដុសលាងរថយន្ត ខណៈដែលឈប់នៅលើមាត់ច្រាំង បុរសដែលជាឪពុកបានចតរថយន្តសាំយ៉ុងក្បាលចុះទៅក្នុងទន្លេ ហើយមិនបានចាប់ហ្វ្រាំងមុខទុក។ រីឯកូនប្រុសរបស់គាត់នៅជិះក្នុងរថយន្ត ស្រាប់តែឃើញរថយន្តរអិលកង់ដាំក្បាលចុះទៅក្រោម លិចបាត់ទៅក្នុងទន្លេ បណ្តាលឲ្យកូនប្រុសរបស់គាត់ ស្លាប់នៅក្នុងរថយន្តតែម្ដង។
តាមការណ៍ឲ្យដឹងពីប៉ូលិសស្រុកស្អាងបានបន្ថែមទៀតថា ក្មេងប្រុសដែលរងគ្រោះបាត់បង់ជីវិតនោះ ត្រូវបានឪពុកស្រង់យកមកលើគោក។ ចំណែកឯរថយន្តដែលរអិលកង់ធ្លាក់ចូលទៅក្នុងទឹកទន្លេ កំពុងត្រូវបានធ្វើការស្ទូចឡើងលើគោក។ ហេតុការណ៍គ្រោះថ្នាក់នេះ ត្រូវបានប៉ូលិសបន្ទោសថា នេះជាការធ្វេសប្រហែសរបស់ឪពុកដែលមិនឲ្យកូនចុះចេញពីក្នុងឡាន ហើយការចតរថយន្តទៀតសោត ក៏ខ្វះការប្រុងប្រយ័ត្នមិនបានចាប់ហ្វ្រាំងមុខដើម្បីកុំឲ្យកង់រអិលទៅរួច៕