ក្រុងបាងកក ៖ ក្រោយពីប្លន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារ មេបញ្ជាការ កងទ័ពជើងគោកថៃ ឈ្មោះ ប្រាយុទ្ធ ចាន់អូឆា កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៤ កន្លងមកកងទ័ពថៃ អតីតនាយករដ្ឋមន្ត្រី យីងឡាក់ និងសមាជិកក្រុមគ្រួសាររបស់លោកស្រីព្រមទាំងមន្ត្រី សំខាន់ចំនួន ១៥៥នាក់ផ្សេងទៀត ត្រូវបានកម្លាំងទាហានឃាត់ខ្លួនមិនឲ្យចាកចេញ ពីទីបញ្ជាការដ្ឋាន កងទ័ពជើងគោក ទីដែលលោកស្រីទៅជួប លោកប្រមុខមេទ័ព ច័ន្ទអូឆា នេះបើយោងតាមព័ត៌មាន Channel News Asia ចេញផ្សាយនាយប់ថ្ងៃទី ២៣ ខែឧសភា នេះ។
ការប្រកាសច្បាប់អាជ្ញាសឹកកាលពី ថ្ងៃទី២០ ឧសភា បន្ទាប់មកប្រកាសធ្វើរដ្ឋប្រហារនាថ្ងៃទី២២ ឧសភា កងទ័ពថៃបានចាប់ផ្តើមកោះហៅបណ្តាឥស្សរជនរបស់ក្រុមប្រឆាំងគ្នា ទាំងពីរដែលប្រឈមមុខដាក់គ្នា ចាប់តាំងពី៧ខែមកហើយ ។ យោងតាមមន្ដ្រីយោធាថៃថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ត្រូវកងទ័ពកោះហៅឱ្យចូលជួបនាថ្ងៃទី២៣ ឧសភា ។
សមាជិកជាច្រើននៃគ្រួសារអតីតប្រមុខរដ្ឋាភិបាល ថៃ លោកថាក់ស៊ីនស៊ីណាវ៉ាត្រា ដែលត្រូវផ្តួលរំលំដោយកងទ័ពកាលពីឆ្នាំ២០០៦ ក៏ត្រូវកោះហៅមកកាន់សេនាធិការដ្ឋានកងទ័ពថៃដែរ ។ របបយោធាបានកោះហៅឥស្សរជនរបស់ក្រុមនយោបាយទាំង២ក្រុម គឺគណបក្សភឿថៃ និងគណបក្សប្រជាធិបតេយ្យ សរុប១១៤រូប ។ របបយោធាដែលដណ្តើមអំណាចប្រកាសនាថ្ងៃទី២៣ ឧសភាថា បានហាមឃាត់មនុស្ស១៥៥នាក់ ក្នុងនោះរួមមានលោកស្រីយីងឡាក់ ផង មិនឱ្យចាកចេញពីដែនដីថៃ ។ អ្នកនាំពាក្យយោធាមួយរូបថ្លែងតាមទូរទស្សន៍ថា សរុបមនុស្ស១៥៥នាក់ ត្រូវហាមមិនឱ្យធ្វើដំណើរទៅបរទេស លើកលែងតែមានការអនុញ្ញាតដើម្បីថែរក្សាសន្តិភាព និងរបៀបរៀបរយ ។
តាមព័ត៌មានថា លោកស្រីយីងឡាក់ បានទៅជួបមន្ដ្រីយោធា តាមការកោះហៅនាថ្ងៃទី២៣ ឧសភា ។ មេរដ្ឋប្រហារយោធាថៃប្រកាសខ្លួនឯងជានាយករដ្ឋមន្ដ្រីប្រមុខរបប យោធាថៃ លោកប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី២៣ ឧសភា បានប្រកាសខ្លួនឯងឡើងធ្វើជានាយករដ្ឋមន្ដ្រីបណ្ដោះអាសន្នរហូតដល់ រកបានអ្នកជំនួសជាអចិន្ដ្រៃយ៍ ។ កាសែតបាងកកប៉ុស្ដិ៍ រាយការណ៍កាលពីថ្ងៃទី២៣ ឧសភាថា អតីតឧត្ដមសេនីយ៍ ប្រាយុទ្ធ ដែលជាប្រមុខកងទ័ព នឹងកាន់តំណែងនាយករដ្ឋមន្ដ្រីបណ្ដោះអាសន្នគ្រប់គ្រងរដ្ឋាភិបាល ។កងទ័ពថៃបន្ដិចម្ដងៗកំពុងតែរំលោភបំពានលើសិទ្ធិ របស់ពលរដ្ឋខ្លួន ។ ក្រោយពីត្រួតត្រាទូរទស្សន៍រដ្ឋ កងយោធាប្រកាសថា ទាំងTWIT TER ទាំង FACEBOOK ក៏នឹងគេចមិនផុតពីការត្រួតពិនិត្យរបស់របបថ្មីដែរ ។ អ្នកនាំពាក្យម្នាក់របស់កងទ័ពថៃ កាលពីយប់ថ្ងៃទី២២មក២៣ ឧសភា បានគំរាមតាមទូរទស្សន៍ថា នឹងរាំងខ្ទប់បណ្ដាបណ្ដាញសង្គមក្នុងករណីមានការបន្ដអុជអាលឱ្យមាន អំពើហិង្សា ។ ការរិះគន់ប្រឆាំងបណ្ដាមេដឹកនាំថ្មី នឹងមិនអត់ឱនឱ្យឡើយ រដ្ឋប្រហារនេះទទួលការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិ ។
រដ្ឋមន្ដ្រីការបរទេសអាមេរិកលោក ចន ឃែររី កាលពីថ្ងៃទី២២ ឧសភា បានថ្កោលទោសយ៉ាងខ្លាំងចំពោះរដ្ឋប្រហារនេះដោយគំរាមផ្អាកកិច្ចសហ ប្រតិបត្ដិការខាងយោធាជាប្រវត្ដិសាស្ដ្ររវាងសម្ព័ន្ធមិត្ដទាំង២ ។ សហរដ្ឋអាមេរិកភ្លាមៗកំណត់ថា នោះពិតជារដ្ឋប្រហារយោធាមួយ ដែលតាមផ្លូវច្បាប់ការកំណត់បែបនេះតម្រូវឱ្យរដ្ឋាភិបាលអាមេរិក កាត់ផ្ដាច់មួយផ្នែកនៃជំនួយទ្វេភាគី ។ ក្រៅពីសហរដ្ឋអាម៉េរិក ក៏មានបារាំង និង អាល្លឺម៉ង់ និងប្រទេសច្រើនទៀត ដែលថ្កោលទោសចំពោះការ ធ្វើរដ្ឋប្រហារនេះ ស្របពេលដែលអង្គការសហប្រជាជាតិ បានប្រកាសសម្តែងការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅជុំវិញព្រឹត្តិការណ៍ដ៏ក្តៅគគុកកំពុងកើតមានឡើងនៅប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ៕