ខេត្តកំពង់ស្ពឺ ៖ ទីតាំងរោងម៉ាស៊ីនរ៉ៃអារឈើខុសច្បាប់មួយកន្លែង ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅត្រង់ចំណុចជាប់មាត់ស្ទឹង ក្នុងភូមិវាលពន់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលដឹកនាំកម្លាំងដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ។ សកម្មភាពចុះបង្ក្រាប រោងម៉ាស៊ីនរ៉ៃអារឈើខាងលើនេះសមត្ថកិច្ចរឹមអូសបានឈើមូលជាង៦០ដុំ ប៉ុន្តែម្ចាស់ម៉ាស៊ិនអាឈើខុសច្បាប់មិនត្រូវបានឃាត់ខ្លួនឡើយ ។ ចំណែកក្រោយពេលបង្ក្រាបវត្ថុតាងត្រូវបានបញ្ជូនមករក្សាទុកនៅក្នុងអធិការដ្ឋាន ស្រុកថ្ពង រង់ចាំចាត់ការបន្ត តាមនីតិវិធីច្បាប់ ។
លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា សកម្មភាពបង្ក្រាបរោងម៉ាស៊ីនរ៉ៃអារឈើអត់ច្បាប់នោះ មានការសហការជាមួយកម្លាំងសមត្ថកិច្ចប៉ូលិស និងអាជ្ញាធររដ្ឋអំណាចមូលដ្ឋាន ។ ឈើដែលដកហូតបានមានប្រភេទផ្ចឹក សុក្រំ ជាង៦០ដុំ ម៉ាស៊ីនរ៉ៃ ប៉ុន្តែម្ចាស់បានរត់គេចខ្លួនបាត់ ។ ទីតាំងម៉ាស៊ីនរ៉ៃដែលធ្វើសកម្មភាពអារឈើដោយខុសច្បាប់នោះ ពួកគេធ្វើសកម្មភាពជាច្រើនខែកន្លងមកហើយ ប៉ុន្តែទើបតែរុករកឃើញត្រូវបង្ក្រាបតែម្តង ។
សូមបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីស្រុកឱរ៉ាល ឆ្លងកាត់ផ្លូវលេខ៥២ ដូចហែរកឋិនតាមគោយន្ត និងរទេះគោរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ប៉ុន្តែអស់លោកជាសមត្ថកិច្ច ដែលឈរតាមដងផ្លូវ និងមន្ត្រីជំនាញមិនបានទប់ស្កាត់ឡើយ អង្គុយសំកុកចាំតែយកលុយតែប៉ុណ្ណោះ ។ ចំពោះឈើដែលដឹកមកពីស្រុកឱរ៉ាល់ ត្រូវបានដាក់តាមរោងម៉ាស៊ីនតូចធំ នៅក្នុងព្រៃរួចធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ៕