រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋព្រួតវាយ ឡើងទ្រោមខ្លួនហើយប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជននេះបានធ្វើសកម្មភាពកាច់.ក ម៉ូតូបម្រុងលួច តែត្រូវគេទាន់កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅមុខអាហារដ្ឋានយីហោ សាហ្វីយ៉ា ស្ថិតក្នុងក្រុមទី៥ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពពីរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ សារឿន ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រើង ឃុំល្បើក ស្រុកឈូក ខេត្តកំពត បច្បុប្បន្នស្នាក់នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ីវ បូរ៉ា ភេទប្រុស អាយុ២៦ ឆ្នាំ ជាបុគ្គលិកធានាគារ ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូឌុបចូលមកអង្គុយហូបបាយនៅខាងក្នុងហាង លុះមួយសន្ទុះក្រោយមកជនរងគ្រោះក៏បានជិះម៉ូតូមួយគ្រឿងម៉ាក សង់C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1CA-2433 មកឈប់នៅខាងមុខហាង ហើយចូលទៅក្នុងហាង ស្រាប់តែជនសង្ស័យយកដែកអក្សរតេ ធ្វើសកម្មភាពកាច់ករម៉ូតូ ហើយបម្រុងជិះចេញគេចខ្លួន តែជនរងគ្រោះ ក្រឡេកឃើញទាន់ ហើយស្រែកថាចោរៗ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះព័ទ្ធចាប់ ហើយវាយម្នាក់មួយដៃ មួយជើង រួចប្រគល់ឲ្យសមត្ថកិច្ច ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់.ក ម៉ូតូពិតមែន ។ មូលហេតុដែលខ្លួនសម្រេចចិត្តធ្វើបែបនេះ គឺដោយសារគ្មានលុយលេងល្បែងហើយម្យ៉ាងវិញទៀតត្រូវប្រពន្ធសុំលែងលះទៀតធ្វើអោយគេបែកគំនិតប្រព្រឹតបែបនេះទៅ ។
ក្រោយពីសាកសួរចម្លើយរួចមក ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារបានកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យម្ចាស់ដើមវិញ៕