រាជធានីភ្នំពេញ ៖ បុរសជនជាតិញូហ្សឺលែនវ័យ៦៧ឆ្នាំម្នាក់ សាលាឧទ្ឋរណ៍នឹងប្រកាសសាលដីកានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ ពីបទរំលោភសេពសន្ថវៈទៅលើកុមារីកម្ពុជាចំនួន៥នាក់ ក្នុងទឹកដីខេត្តសៀមរាប កាលពីឆ្នាំ២០០៤ ។
ចៅក្រម ប៉ុល សំអឿន បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ Graham Robert Cleghorn ត្រូវបានសាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៤ ផ្តន្ទាទោសដាក់ពន្ឋនាគាររយៈពេល២០ឆ្នាំ ពីបទរំលោភសេពសន្ថវៈតាមមាត្រា៥ ច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ និងបទរក្សាអាវុធខុសច្បាប់ ។ ប៉ុន្តែសាលក្រមនេះត្រូវបានជនជាប់ចោទប្តឹងឧទ្ឋរណ៍ ។ ក្រោយមកសាលាឧទ្ឋរណ៍បានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងខេត្តសៀមរាបទុកជាបានការដដែល ។ មិនសុខចិត្តនឹងសេចក្តីសម្រេចនេះ ជនជាប់ចោទបានប្តឹងសារទុកទៅតុលាការកំពូលបន្តទៀត។
លោកចៅក្រមបានបន្តទៀតថា ក្រោយជំនុំជម្រះតុលាការកំពូលបានសម្រេចតម្កល់អង្គហេតុនៃបទល្មើសរំលោភសេពសន្ថវៈទុកជាបានការដដែល ។ ប៉ុន្តែបានបង្វិលសំណុំរឿងនេះមកសាលាឧទ្ឋរណ៍ ដើម្បីជំនុំជម្រះសារជាថ្មី ទៅលើទណ្ឌកម្មរបស់ជនជាប់ចោទដែលត្រូវអនុវត្តតាមក្រមព្រហ្មទណ្ឌថ្មីវិញ ។
ក្នុងសវនាការសាលាឧទ្ឋរណ៍តាមរយៈអ្នកប្រែជនជាប់ចោទបានទទួលស្គាល់អង្គហេតុរំលោភសេពសន្ថវៈទៅលើជនរងគ្រោះដែលជាឈ្មួលបម្រើរបស់គាត់ ។ ប៉ុន្តែជនជាប់ចោទបានសូមឲ្យសាលាឧទ្ឋរណ៍ដោះលែងគាត់ឲ្យមានសេរីភាពឡើងវិញដោយសារតែគាត់មានអាយុចាស់ណាស់ហើយ និងមានជំងឺប្រចាំកាយទៀតផង ។ ជនជាប់ចោទនិយាយថា “ គាត់សុំស្លាប់នៅស្រុកកំណើតរបស់ខ្លួន គឺមិនចង់ស្លាប់នៅប្រទេសដទៃនោះទេ ” ។
ចំណែកលោក ឌុន វិបុល មេធាវីការពារក្តីជនជាប់ចោទបានសូមឲ្យសាលាឧទ្ឋរណ៍ អនុវត្តក្រមព្រហ្មទណ្ឌមាត្រា១០ ដែលផ្តន្ទាទោសមានកម្រិតស្រាលជាងពី៧ឆ្នាំទៅ១៥ឆ្នាំ និងសូមឲ្យបន្ឋូរបន្ថយទោស តាមមាត្រា ៩៣,៩៤ នៃក្រមព្រហ្មទណ្ឌ ៕