ខេត្តកំពង់ធំ ៖ ករណីផ្ទុះបេ១គ្រាប់ បានសម្លាប់មនុស្សម្នាក់ និង៥នាក់បានរងរបួសធ្ងន់ស្រាល ខណៈដែលរើសបានពីចម្ការយកមកផ្ទះ ហើយក៏បានដំយកដែកធ្វើអេតចាយ លក់កាលពីព្រឹកវេលាម៉ោង៧និង៣០នាទី ថ្ងៃ២៣ ខែឧសភា ឆ្នាំ២០១៤ ស្ថិតភូមិសំពៅមាស ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅនឹងកន្លែងកើតហេតុមានឈ្មោះ តុំ ភេទ ស្រី អាយុ ៧៨ឆ្នាំ ជាម្ចាស់ផ្ទះ ខណៈពេលដែលអង្គុយនៅលើគ្រែក្រោមផ្ទះ ចំណែកជនរងរបួសធ្ងន់មានឈ្មោះ សឿន សួរ អាយុ៣២ឆ្នាំ, ឈ្មោះ ស៊ឹម ឡុង ភេទប្រុស អាយុ២៨ឆ្នាំ,ឈ្មោះ វន់ ត ភេទប្រុស អាយុ៤២ឆ្នាំ ចំណែក២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុសមត្ថកិច្ចបានដឹកជនរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីសង្គ្រោះបន្ទាន់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានរើសក្បាលគ្រាប់បេ មកពីចម្ការដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រឯណោះ លុះមកដល់ផ្ទះដោយឃើញគ្រាប់បេមានសភាពចាស់ ក៏នឹកស្មានថា វាមិនអាចផ្ទុះបានក៏បានយកមកដំ ដើម្បីយកដែកលក់អេតចាយ ខណៈពេលដែលមនុស្សជុំគ្នាផឹកស្រាទាំងព្រលឹង ក៏បានផ្ទុះតែម្តង ៕