រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ខណៈចេញពីផឹកស៊ី ហើយបើកបរក្នុងស្ថានភាពស្រវឹងហើយត្រូវរថយន្តRANGE ROVERមួយគ្រឿងបុកចំពេញទំហឹងហើយកិនម៉ូតូពីលើអូសជាង១០ម៉ែត្រ កាលពីវេលាម៉ោង១២អធ្រាត្រថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ នៅមុខអគារពាណិជ្ជកម្ម អេដវូដ តាមមហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះមានគ្នា៣នាក់ ជិះម៉ូតូសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1E-4749 មួយគ្រឿងចេញពីក្លឹបអេដវូដ ជិះឆ្លងផ្លូវពីត្បូងទៅជើង ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្ត RANGER ROBER ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល បើកបរពីលិចទៅកើត ក្នុងល្បឿនលឿនបានបើកបុកម៉ូតូពេញទំហឹង ធ្វើឲ្យអ្នកជិះម៉ូតូទាំង៣នាក់ដួលរណូករណែលពេញថ្នល់បណ្តាលឲ្យ បែកក្បាល បាក់ជើងចេញឆ្អឹងស្លាប់នៅកន្លែងកើតហេតុម្នាក់ និង២នាក់ទៀតបាក់ដៃបាក់ជើងរងរបួសធ្ងន់ រីឯរថយន្តបង្កបើករត់បាត់ ។ ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ ផង់ រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិកផ្ទះសំណាក់ហង្សនាគ នៅម្តុំផ្សារសំណង់១២ មានស្រុកកំណើតនៅភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ ធ្វើកំណត់ត្រា និងស្វែងរកសាច់ញាតិ សពជនរងគ្រោះ ដើម្បីយកទទួលទៅធ្វើបុណ្យតាមប្រពៃណី ចំណែក២នាក់ទៀតរងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន ប៉ុន្តែរងរបួសធ្ងន់ពេកបានបញ្ជូនម្នាក់ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក ៕