រាជធានីភ្នំពេញ ៖ ថ្មីៗកន្លងមកនេះ កញ្ញា សូដា នីតា រៀបរាប់ឱ្យដឹងថានាងទៅសម្តែងនៅអាមេរិករយៈពេលជាង៤ខែ ។ ក្នុងរយៈពេលនោះនាងនឹករលឹកចំពោះស្រុកទេសជាខ្លាំង តែក៏ជាពេលវេលាមួយដែលនាងដិតដាមដោយអនុស្សាវរីយ៍ជាច្រើនពី ការស្រឡាញ់គាំទ្ររបស់បងប្អូនខ្មែរយើងនៅអាមេរិក។ បន្ទាប់ពីនាងជិះយន្តហោះមកដល់ស្រុកវិញ អត់ទុកពេលសម្រាកកម្លាំងនៅផ្ទះទេ ព្រោះអ្នកដឹកនាំកម្មវិធីសិល្បៈនៅស្ថានីយទូរទស្សន៍ដែលនាងធ្វើ ការកន្លងមកទាក់ទងហៅនាងទៅធ្វើការភ្លាម ម្យ៉ាងនាងនឹករលឹកមិត្តភក្តិនៅកន្លែងធ្វើការ និងទស្សនិកជន ។
សូដា នីតា ឱ្យដឹងថា ការងារសិល្បៈគឺនាងទទួលពេញដៃដូចមុនដដែល ដូចជាធ្វើពិធីការិនីនៅទូរទស្សន៍ហង្សមាស, ស៊ីធីអិន និងនៅទូរទស្សន៍ជាតិ ។ មានកិច្ចការផ្សេងទៀតគឺបង្ហាញម៉ូដរាប់ទាំងការសម្តែងនៅតាមស្ថានីយទូរទស្សន៍។ នាងទទួលការងារណាដែលថតឆាប់ចប់ និងលឿន មិនចំណាយពេលយូរ ពីព្រោះចង់ទុកពេលខ្លះសម្រាក ដោយសារតែនាងទើបមកពីសម្តែងហត់នឿយនៅបរទេស។ ពេលនេះ សូដា នីតា មានគេទាក់ទងឱ្យទៅសម្តែងនៅប្រទេសកាណាដាក្នុងអំឡុងខែកញ្ញាខាងមុខ តែនាងមិនទាន់សម្រេចយ៉ាងណាទេ ពីព្រោះនាងបានចេញទៅសម្តែងនៅក្រៅប្រទេសញឹកពេលមកហើយ ដូច្នេះចង់ទុកពេលប៉ុន្មានខែចុងក្រោយនេះប្រចាំការក្នុងស្រុក។ ក្នុងពេលនាងចេញទៅសម្តែងនៅអាមេរិក គឺត្រូវចោលកម្មវិធីធំមួយចំនួន។
ទាក់ទិននឹងរឿងរ៉ាវស្នេហា ស្រីស្អាតដែលធ្លាប់ជ្រកនៅទ្រនំស្ថានីយទូរទស្សន៍បាយ័នរូបនេះ អះអាងថារឿងនេះ នាងមិនចង់បើកកកាយច្រើនទេ ពីព្រោះវាក្លាយជាប្រធានបទមួយដដែលៗ។ បើលើកនិយាយទៀតវាគ្មានអ្វីប្លែក ទើបនាងចង់ទុកពេលគិតលើបញ្ហាការងារវិញ។ បើនាងរកឃើញអ្នកត្រូវចិត្ត និងរៀបមង្គលការនោះ គឺនាងនឹងប្រកាសឱ្យដឹងជាសាធារណៈ។ សូដា នីតា និយាយថា «នាងខ្ញុំធ្លាប់បរាជ័យស្នេហាច្រើនដងទៅហើយ ទើបសុំចិត្តមិនបាច់សួររឿងនេះទេ គ្មានអ្វីប្រែប្រួលឡើយ នាងខ្ញុំមិនធ្វើខ្លួនឱ្យដេកមិនលក់បក់មិនល្ហើយរឿងរៀបការទេ ទោះជាមានតារាគេរៀបការច្រើននាក់មកហើយមែន ធ្វើម៉េចយើងមិនទាន់ដល់គូចេះតែឃ្វាងបែបនេះ»៕