រាជធានីភ្នំពេញ ៖ បុរសម្នាក់បែកក្បាលផុងលលាដ៍ហូរឈាមស្ទើរខ្សោះខ្លួនទើប រថយន្ដសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ នៅមុខរោងចក្រយ៉ុងវ៉ា តាមផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានក្រុមបងតូចបងធំមួយក្រុមមានគ្នាប្រមាណ២០នាក់បានព្រួតវាយបុរស ម្នាក់ដែលគេស្គាល់ថាសុទ្ធតែជាក្រុមបងតូចបងធំដែរនោះបណ្ដាលឱ្យដេក ដួលផុងលលាដ៍ក្បាលនិងបែកក្បាល សន្លប់នៅនឹងកន្លែងកើតហេតុលើគំនរសំរាម ចំណែកជនបង្កបានរត់គេចខ្លួនបាត់អស់ ។ ភាគីទាំងពីរទើបនឹងចេញពីក្លិបហើយ មានទំនាស់នឹងគ្នាក្នុងក្លិបពេលចេញមក ខាងក្រៅក៏ដេញកាប់គ្នារងរបួសដេកដួលលើគំនរសំរាមដោយគ្មានអ្នកដឹងរាប់ម៉ោង ។
ក្រោយពេលកើតហេតុទើបប្រជាពលរដ្ឋដឹងថា មានអ្នករងរបួសធ្ងន់ក៏បានទូរស័ព្ទហៅរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋនិងមន្ទីរពេទ្យឯកជនតែអត់មានរថយន្ដណាមួយទៅដឹកភ្លាមៗទេ តាំងពីម៉ោង១និង៤០នាទីរំលង អធ្រាត្រទុកឱ្យជនរងគ្រោះនៅដេកដួល ក្នុងថ្លុកឈាមមុខប្រលាក់សុទ្ធតែឈាមមើលលែងស្គាល់ទៅហើយ ។ រហូតដល់នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺទើបមានរថយន្ដរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតដឹកយកទៅព្យាបាល ។
ទាក់ទិននឹងហេតុការណ៍នេះប្រជាពលរដ្ឋបានលើកឡើងថា រថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋក្នុងមួយថ្ងៃៗពិសេសពេលយប់តែម្ដងមិនដែលឃើញមានសកម្មភាពចេញដឹកជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬបទល្មើសផ្សេងៗបានមួយករណីនោះទេឃើញតែរថយន្ដសង្គ្រោះរបស់គ្លីនិកឯកជនជាអ្នកចេញដឹកទាំងអស់មិនដឹងថា សេវាកម្មឯកជនបង់ខែឱ្យអ្នកកាន់ស្ដង់ដារ១១៩ក្នុងមួយខែប៉ុន្មានទេបានជាសហការគ្នាយ៉ាងល្អបែបនេះមិនព្រមឱ្យរថយន្ដសង្គ្រោះមន្ទីរពេទ្យរដ្ឋចេញទៅដឹកជនរងគ្រោះសោះ ។
ដោយឡែក បើសិនជាអ្នករងគ្រោះជាជនអនាថា ឬអត់មានសាច់ញាតិនោះ ច្បាស់ជាអត់មានរថយន្ដសង្គ្រោះណាមួយ ចេញទៅដឹកទេ ព្រោះអត់មានលុយឱ្យពេទ្យ ៕