ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូទៅបុកនឹងរថយន្តកាលវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៤ត្រង់ចំណុចផ្លូវបំបែកជា៤លើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លិច ពណ៌ស ស៊េរី ២០១៤ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតស្រាប់តែមានរថយន្តកង់៦ មួយគ្រឿងប្រភេទបែនដឹកដី ៥ តោន ពណ៌ខៀវ បានបើកបរពីកើតនៅលិចតាមបណ្តោយផ្លូវលេខ៥៧ ហើយម៉ូតូជនរងគ្រោះបានជ្រុលទៅបុកចំកណ្តាលរថយន្ត ហើយត្រូវរថយន្តកិនជើងឆ្វេងបាត់ម្ខាង ព្រមទាំងបានបោកបែក ក្បាលផ្នែកខាង ក្រោយ ទាំងពួកនៅពាក់ជាប់នឹងក្បាល ហើយស្លាប់នៅនឹងកន្លែង កើតហេតុនៅតែម្តង រីឯម៉ូតូត្រូវខ្ទេចផ្នែកខាងមុខ។ ដោយឡែករថយន្តដែលឃើញសភាពមិនស្រួលបែបនេះក៏បន្ថែមល្បឿនបើកបររត់ទៅទិសខាងលិចបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានត្រួតពិនិត្យទៅលើខ្លួនប្រាណ និងក្នុងកែបម៉ូតូ ដើម្បីរកអត្តសញ្ញាណទើបដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ សុភ័ណ អាយុ ៣២ ឆ្នាំ រស់នៅភូមិតាគ្រាម ឃុំតាគ្រាម ខេត្តបាត់ដំបង ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានអះអាងថា ជនរងគ្រោះមានជាតិស្រវឹងក្នុងខ្លួនដែរ ឬអត់។
ពាក់ព័ន្ធនឹងករណីខាងលើនេះមានមតិជាច្រើនរិះគន់ថា ត្រង់ចំណុចផ្លូវបំបែកជា៤នេះ បើធ្វើដំណើរនៅពេលយប់ស្ទើរតែមិនដឹងថា មានផ្លូវបំបែកផងដោយសារតែមិនមានស្លាកសញ្ញាណាមួយ ដែលមានពន្លឺចំណាំងផ្លាតបញ្ជាក់ឡើយ ដូច្នេះវាជាផលវិបាកសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ទីនេះ៕