ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានរងរបួសបែកក្បាល ខណៈដែលរថយន្តដឹកដីជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាកតូយ៉ូតាកាមរីកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវលំត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកដីមួយគ្រឿងម៉ាកFUSO ពណ៌ស ស្លាកលេខភ្នំពេញ 3A-9790 បើកបរដោយឈ្មោះ ហាក់ សេ រីវុធ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ ឃុំ៤ ស្រុកសៀមរាប ខេត្តសៀមរាប ក្នុងទិសដីជើងទៅត្បូង លុះដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាកាមរីស៊េរីឆ្នាំ១៩៩៥ ពណ៌ប្រផេះ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-2663 បើកបរដោយឈ្មោះ ផៃ ធួយ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគោកច្រាប ឃុំស្រះរាំង ស្រុកមង្គលបុរី បញ្ច្រាសទិសគ្នាមិនបណ្តាលឲ្យរងរបួសទេ តែអ្នករួមដំណើរឈ្មោះ ហិម សៀម ភេទប្រុស អាយុ៥៣ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា រងរបួសបែកក្បាល ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចទៅចុះធ្វើការវាស់វែង និងយករថយន្តទាំងពីររក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕