ខេត្ដកំពង់ចាម ៖ កាលពីវេលា ម៉ោង៥ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៤ រថយន្តហាយឡិនឌ័រពណ៌ទឹកមាស ពាក់ស្លាកលេខ រដ្ឋ10 2-0212 ត្រូវបានគេដឹងថា ជារបស់លោកស្រីប្រធានមន្ទីរហិរញ្ញវត្ថុ និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ បើកទៅបុកគោយន្ដ១គ្រឿងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិរវៀង ឃុំថ្មដំបង ស្រុកជើងព្រៃ រួចហើយបានជ្រុលទៅបុកប្ដីប្រពន្ធកំពុងជិះម៉ូតូ២នាក់ឱ្យស្លាប់ភ្លាមៗ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រជិះគ្នា៣នាក់ បើកដោយបុរសម្នាក់និងអ្នកជិះខាងក្នុង គឺលោកស្រី លី ធីតា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដកំពង់ចាមបានបើកក្នុងល្បឿនលឿនក្នុងទិសដៅពីខេត្ដកំពង់ចាមឆ្ពោះទៅភ្នំពេញ។ ស្របពេលមកដល់ត្រង់ការដ្ឋានធ្វើផ្លូវថ្នល់ត្រង់ភូមិរវាង ក៏បានទៅបុកគោយន្តកន្ត្រៃយ៉ាងពេញទំហឹងរហូតដាច់កង់គោយន្តនោះ ខណៈបើកបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកគោយន្តផ្លោងធ្លាក់លើថ្នល់ហើយរថយន្តហាយឡែនឌ័រក៏ជ្រុលល្បឿនទៅបុកម៉ូតូC100កូរ៉េមួយគ្រឿងទៀតដែលជិះ២នាក់ប្តីប្រពន្ធក្នុងទិសដៅពីលិចមកកើតយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗទាំង២នាក់ ហើយរថយន្តក៏ធ្លាក់ចូលប្រទ្បាយទៅមុខលែងរួច រីឯអ្នកបើកបររថយន្តបង្កវិញបានបើកទ្វាររត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
មន្ត្រីប៉ូលីសចរាចរស្រុកជើងព្រៃបានរៀបរាប់អោយដឹងថា ជនរងគ្រោះ២នាក់ប្ដីប្រពន្ធដែលត្រូវរថយន្ដរបស់លោកស្រី លី ធីតា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ដកំពង់ចាមបុកឱ្យស្លាប់នោះគឺប្ដីឈ្មោះ ឃុត សល្យ អាយុ៣៧ឆ្នាំ រីឯប្រពន្ធឈ្មោះ ខាំ ស្រីឡឹង អាយុ៣៥ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំផ្អាវ ស្រុកបាធាយ ខេត្ដកំពង់ចាម ។ ចំណែកអ្នករបួសធ្ងន់ឈ្មោះ ម៉េង ស្រ៊ុន ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើកគោយន្តកន្ត្រៃ មានទីលំក្នុងភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ត្រូវបានគេបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យរាជធានីភ្នំពេញ។ ដោយឡែកអ្នកបើកបរ រថយន្ដឱ្យប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅបន្ទាប់ពីមានករណីបង្កគ្រោះថ្នាក់កើតឡើងអ្នកបើកបររថយន្ដឱ្យប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរត់គេចខ្លួនហើយ លោកស្រី លី ធីតា ប្រធាន មន្ទីរហិរញ្ញវត្ថុរូបនេះបានចាកចេញតាមក្រោយពីកន្លែងកើតហេតុដោយមិនទទួលខុសត្រូវតាមរថយន្តមួយផ្សេងទៀតបាត់ស្រមោល។ ដែលគេគិតថាប្រហែលទៅព្យបាលមុខរបួសព្រោះអាចមានរងរបួសដែរ។
លោកស្រី លី ធីតា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ដកំពង់ចាមមានករណីរថយន្តបង្ករគ្រោះថ្នាក់ចរាចរបណ្តាលអោយមានមនុស្សស្លាប់និងរបួសមិនទទួលខុសត្រូវដោយជន្លៀសខ្លួនចេញពីកន្លែងកើតហេតុភ្នាក់ងារសារព័តមានកំណើតថ្មី មិនអាចរកការពន្យល់បានទេ៕