ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីម៉ូតូបុកជាមួយរថយន្តនៅលើកំណាត់ផ្លូវជាតិលេខ២១បេកាលពីវេលាម៉ោង២៣និង៥០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចម្តុំផ្ទះលក់គ្រឿងសំណង់យីហោព្រុំភារម្យស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ចូនទៅមន្ទីរពេទ្យមានឈ្មោះ សែម ចាន់ធា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិព្រែអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូម៉ាកហុងដាFTR ពណ៌ខ្មៅ គ្មានស្លាកលេខ និងអ្នករួមដំណើរ២នាក់ដែលរងរបួសធ្ងន់នោះមានឈ្មោះ ខាឈីត ភេទប្រុស អាយុ២២ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ឃ្លឿន ហុង ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង២នាក់មានទីលំនៅក្នុងភូមិព្រែកហ៊ីង ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើង (ពីស្រុកស្អាងទៅក្រុងតាខ្មៅ) ខណៈបើកមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃផុតគំនូសពុះចែកទ្រូងផ្លូវបុកជាមួយរថយន្តម៉ាកសាំយ៉ុង១២កៅអីពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2K-4490 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុបានចុះពីលើរថយន្តគេចខ្លួនបាត់។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅហៅរថយន្តសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែដោយសភាពរបួសធ្ងន់ធ្ងរជនរងគ្រោះម្នាក់បានដាច់ខ្យល់ស្លាប់តែម្តង។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅធ្វើកំណត់ហេតុ និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់៕