ខេត្តកំពង់ធំ ៖ ជនមិនស្គាល់មុខ បានគប់គ្រាប់បែកចូលទៅក្នុងផ្ទះលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្តកំពង់ធំ កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី១៧ខែឧសភា ឆ្នាំ ២០១៤បានបង្ករការភ្ញាក់ផ្អើលកណ្តាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនមិនស្គាល់មុខ បានគប់គ្រាប់បែក ពីក្រៅរបងផ្ទះរបស់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ ចូលទៅក្នុងផ្ទះ បង្ករឲ្យបង្កឲ្យមានការភ្ញាក់ផ្អើល ខណៈដែលបំណែកគ្រាប់បែកទៅប៉ះនឹងជញ្ជាំងឡើងសុះតែសំណាងល្អ ពុំបានធ្វើឲ្យមានមនុស្សរងគ្រោះនោះឡើយ ដោយសារតែនៅថ្ងៃកើតហេតុលោក សាយ ណូរ៉ា នាំក្រុមគ្រួសារ មករាជធានីភ្នំពេញ ហើយបានទុកផ្ទះចោល ពុំមានមនុស្សនៅក៏ជនមិនស្គាល់មុខ ឆ្លៀតឱកាសយកគ្រាប់បែកទៅគប់ចូលក្នុងផ្ទះតែម្តង ។ បន្ទាប់ពីកើតហេតុលោក ស្នងការរង ព្រះរាជអាជ្ញារង និងកម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធបានចុះទៅ ពិនិត្យនៅកន្លែងកើតហេតុ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលផ្ទុះគ្រាប់បែកមានភ្លៀងធ្លាក់ស្រេចៗ ផ្លេកបន្ទោរហើយមានរថយន្តមួយគ្រឿង មិនស្គាល់ប្រភេទ បានបើកហួសចំណុចផ្ទុះគ្រាប់បែកនោះប្រមាណ១០ម៉ែត្រ ក៏ស្រាប់តែលាន់ស្នូរគ្រាប់បែកផ្ទុះ ឡើងយ៉ាងកក្រើកដី នៅក្នុងរបងផ្ទះរបស់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ តែទោះជាមានការគប់គ្រាប់បែកនេះ ក៏ត្រូវបានមហាជនទូទៅខ្សឹបខ្សៀវគ្នាថា ការគប់គ្រាប់បែកនេះមិនមែន ប៉ុនប៉ងធ្វើឃាតនោះទេ តែជាការគំរាម មកលើព្រះរាជអាជ្ញារងថ្មី និងជាកិច្ចស្វាគមន៍ ។
មហាជនទូទៅបាននិយាយថា ករណីដែលមានការគប់គ្រាប់បែកនេះប្រហែលជាលោក សាយ ណូរ៉ា ដែលទើបតែផ្លាស់មកពីខេត្តព្រៃវែង ហើយមកអនុវត្តន៍ច្បាប់កសាងយកស្នាដៃក្នុងខេត្តកំពង់ធំ ដោយបានធ្វើសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើយ៉ាងសកម្មភាព ទាំងការដឹកជញ្ជូន ទាំងការស្តុបទុក និងរឹបអូសបានវត្ថុតាង រួមមានឈើជិត១០០ម៉ែត្រគូប និងរថយន្តជាច្រើនគ្រឿង ចាប់ជនសង្ស័យដាក់ពន្ឋនាគារជាង១០នាក់ ក្នុងនោះលទ្ធផលដែលបង្ក្រាបបាន បានធ្វើឲ្យថ្នាក់ដឹកនាំពេញចិត្តពេញថ្លើម ញញឹមស្ទើរតែមិនឈប់ តែវាជាបន្លារារាំងដល់ក្រុមឈ្មួញមួយចំនួន សុទ្ធតែជាកងកម្លាំងប្រដាប់អាវុធ ដែលបានធ្វើសកម្មភាពប្រកបមុខរបរកស៊ីឈើ បានធ្វើឲ្យក្រុមឈ្មួញប្រដាប់អាវុធទាំងនេះបានខាតបង់ផលប្រយោជន៍ ម្យ៉ាងទៀតសំណុំរឿងជាច្រើន កំពុងតែត្រូវបានស៊ើបអង្កេត ទើបក្រុមឈ្មួញទាំងនេះមានការភិតភ័យ ហើយក៏ប្រើវិធានការស្វាគមន៍ ដោយគ្រាប់បែក ដើម្បីបង្អាក់សកម្មភាពព្រះរាជអាជ្ញា ឬអាចថាជាការកាច់ធ្មុងក៏បានដែរ ។
ក្នុងនោះក៏មានប្រជាពលរដ្ឋជាច្រើន បាននិយាយថា តើសកម្មភាពរបស់លោក ព្រះរាជអាជ្ញារូបនេះមានលទ្ធភាព ក្រសោបជនដៃដល់ដែលហ៊ានស្វាគមន៍លោកជាមួយគ្រាប់បែក ដើម្បីចាប់ យកមកផ្តន្ទាទោសតាមច្បាប់បានដែរឬទេ?៕