រាជធានីភ្នំពេញ ៖ ស្នូរកាំភ្លើងបានលាន់ឮជាច្រើនគ្រាប់ ខណៈដែលមានជម្លោះជាមួយនារីបម្រើខារ៉ាអូខេ រឿងផឹកស៊ីហៅស្រីមកកំដរមិនឲ្យលុយធីប កាលវេលាម៉ោង៣និង១០នាទីទៀបភ្លឺ នៅក្នុងខារ៉ាអូខេឌីយ៉ាម៉ង ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍នេះផ្តើមចេញពីទំនាស់ពាក្យសម្តីរហូតឈានដល់ការបាញ់បោះដោយសារតែតែរឿងយកស្រីអង្គុយកំដរជាច្រើនម៉ោង មិនឲ្យលុយធីប ។ ខណៈដែលរៀបនឹងជិះម៉ូតូចេញតែត្រូវបានស្រីខារ៉ាអូខេតាមទារលុយធីប ប៉ុន្តែជនដៃដល់មិនព្រមឲ្យក៏ប៉ះសម្តីជាមួយគ្នារហូតប្រតាយប្រតបគ្នាហើយជនដៃដល់ក៏យកមួកសុវត្តិភាពវាយទៅលើស្ត្រីរងគ្រោះឃើញបែបនេះក្រុមសន្តិសុខដែលយាមនៅខារ៉ាអូខេខាងលើក៏ជួយអន្តរាគមន៍ជួយឃាត់ទើបត្រូវក្រុមជនដៃដល់បានដកកាំភ្លើងបាញ់រះឡើងលើនិងចុះក្រោមជាច្រើនគ្រាប់ជាហេតុបណ្តាលឲ្យត្រូវសន្តិសុខម្នាក់ ចំដៃធ្លាយមកទ្រូងរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។
ភ្លាមៗជនបាញ់បោះស៊េរីបានព្យាយាម រត់គេចខ្លួនពីកន្លែងកើតហេតុមកដល់ចំណុចមុខផ្ទះប្រជាពលរដ្ឋមតាមបណ្ដោយផ្លូវ៣១៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោកក៏ត្រូវបានកម្លាំងសមត្ថកិច្ចតាមជនបាញ់បោះស៊េរីក៏បោះកាំភ្លើងប្រភេទឡុក ចោលតែត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។
ទោះបែបណាជនបាញ់បោះស៊េរី ត្រូវបានមន្ត្រីសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន៤នាក់ ជាមួយ និងអាវុធស៊េរីទំនើបថែមទៀតផង ។ ចំពោះការឃាត់ខ្លួនជនបាញ់បោះស៊េរីខាងលើគ្មានប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចណាហ៊ានផ្តល់អត្តសញ្ញាណ និងបញ្ចាក់មូលហេតុពិតប្រាកដ ពីព្រោះមានការហាមប្រាមពីថ្នាក់លើ តែគ្រាន់តែដឹងថា៣នាក់ជាមន្ត្រីយោធានៅអង្គភាពប្រឆាំងភារវៈកម្ម និងម្នាក់ទៀតជានិស្សិត៕