ខេត្តព្រះវិហារ ៖ គួរឲ្យអនិច្ចារ្យជីវិតអ្នកក្រីក្រ អ្នកស្រែ អ្នកចម្ការភាគច្រើន បានត្រឹមតែស៊ីឈ្នួកឲ្យគេ ជាប់គុកជាប់ច្រវ៉ាក់ក៏ជាប់ជំនួសគេ តែនាយទុនបែរជាដេកអេះពោះ គ្រាន់តែបញ្ជាមានសេនាឆ្វេងស្តាំ ចាំបញ្ជា ចាំចង្អុល តែអ្នកក្រីក្រតែហ៊ានលូកដៃក្នុងព្រៃឈើ និងត្រូវមានទោសទាន់ជាពុំខានឡើយ ។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ប្រជាពលរដ្ឋក្រីក្រ សុំមិនបញ្ជេញឈ្មោះ បានស៊ីឈ្នួល ដឹកឈើធ្នង់ចេញពីព្រៃស្ថិតនៅក្នុងភូមិសង្គមថ្មី ស្រុកសង្គមថ្មី ខេត្តព្រះវិហារ តាមរយៈគោយន្តកន្ត្រៃក្នុង១ ជើងទទួលបានប្រាក់៦ម៉ឺនរៀល បានដឹកជញ្ជូនមកកន្លែងស្តុបឈើជាច្រើនរយម៉ែត្រគូបរបស់ក្រុមហ៊ុន ទ្រីភាព ដែលជាកន្លែងលើកឈើប្រណីតទាំងនេះដាក់លើរថយន្ត ដោយរថយន្តស្ទូចឡើង ដែលបានបញ្ជាក់ឲ្យឃើញថា សកម្មភាពរបស់ក្រុមហ៊ុន ទ្រីភាព មិនមានសមត្ថកិច្ចណាហ៊ានចេញមុខក្អកនោះទេ បែរជានាយអធិការខាងជើងបឹងទន្លេសាប និងនាយខណ្ឌព្រះវិហារ ខ្លាចឡើងរួញខ្លួន បណ្តែតបណ្តោយឲ្យក្រុមហ៊ុននេះធ្វើសកម្មភាពដោយគ្មានមានជំនាញណាមកមើលឡើយ ។
សកម្មភាពលើកឈើរាប់រយម៉ែត្រគូបលើកដាក់លើឡានរបស់ក្រុមហ៊ុនទ្រីភាព ដែលមានតែមេការម្នាក់ឈ្មោះ មាស ឈរចាំបញ្ជាឲ្យកម្មករលើកឈើប្រណីតដាក់លើឡាន ដោយពុំព្រឺរោមបន្តិចឡើយ ដោយសារតែក្រុមហ៊ុននេះបានអែបអាងធ្វើអាជីវកម្មឈើនៅក្នុងក្រុមហ៊ុន តែផ្ទុយទៅវិញរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុនទ្រីភាព ដាក់កម្លាំងឲ្យចាំប្រមូលទិញឈើពីក្នុងព្រៃគ្រប់គោលដៅក្នុងទឹកដីខេត្តព្រះវិហារ ហើយបានលើកឈើទាំងនោះដាក់ឡានតែឯងៗដោយមិនរំខានដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ប៉ូលិស និងមេព្រៃ បរិស្ថាន ដែលសកម្មភាពទាំងនេះពុំមានការវាស់ឈើ និងកាត់ប៉េសេអ្វីទាំងអស់ ។
សកម្មភាពនេះវាបានផ្ទុយពីអ្នកក្រីក្រ តូចតាច ចង់បានផ្ទះឈើមួយខ្នង ទិញផ្ទះចាស់អ្នកភូមិ មុនហ្នឹងលើផ្ទះចាស់នោះឡើងឡានទាល់តែមានមេព្រៃ មកថតរូបវាស់ផ្ទះកាត់ចេញជាចំនួនម៉ែត្រ តែហ៊ានលាយឈើថ្មីសម្រាប់ធ្វើផ្ទះអស់លោកមេព្រៃ និងទាំងអ្នកជំនាញ ឬអ្នកមិនមែនជំនាញ មករោមជញ្ជក់ឈាមរករឿងដាក់គុកដាក់ច្រវ៉ាក់ ដែលមាបឆ្លុះបញ្ជាំងឲ្យឃើញពីសកម្មភាពក្រុមហ៊ុនរបស់លោក ទ្រីភាព ដែលលើកឈើប្រណីត រាប់រយម៉ែត្រគូប និងសុទ្ធតែជាឈើមានតម្លៃ តែបែរជាគ្មានជំនាញណាមកមើល ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មិនមែនត្រឹមតែស្រុកសង្គមថ្មីនោះទេ គឺមានស្រុកជាច្រើនទៀតក្នុងខេត្តព្រះវិហារ ក៏ដូចជាស្រុកដ៏ទៃ ក៏ដូចជាខេត្តដ៏ទៃដែរ គឺក្រុមហ៊ុននេះបានធ្វើសកម្មភាពមិនខុសគ្នានោះទេ៕