រាជធានីភ្នំពេញ ៖ ជនទំនើងដែលគេស្គាល់ថាជាកូនអ្នកមានអំណាចម្នាក់បានបើកបរក្នុងស្ថានភាពស្រវឹងស្រាជោកជាំទៅមុខទីតាំងលក់គ្រឿងសំណង់ដ៏ធំមួយកន្លែង មានយីហោ ពន្លឺថ្មីបណ្តាលឲ្យទ្រព្យសម្បត្តិមួយ ចំនួនរងការខូចខាតកាលវេលាម៉ោង២៣និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៤ ស្ថិតនៅទល់មុខខារ៉ាអូខេ រាត្រីរីករាយ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានយុវជនវ័យក្មេង ២នាក់ ប្រហែលជាកូនអស់លោកអ្នកមានអំណាចហើយ បានបើកបររថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក កាមរីហាយប្រ៊ិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-2999 ធ្វើដំណើរតាមផ្លូវលេខ ២៧១ ទិសដៅពីត្បូងទៅជើង យ៉ាងលឿនរេចង្កូតពេញផ្លូវ នឹងបានបើកវ៉ាគេវ៉ា ហាក់បីពួកគេគិតថាផ្លូវទិញដាច់សម្រាប់ជិះម្នាក់នោះទើបពួកគេបើកបរគ្មានប្រណីដល់អ្នកដំណើរនោះឡើយ ។ ពេលបើកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករះចូលទៅក្នុងផ្ទះលក់គ្រឿងសំណងគ្រប់ប្រភេទយីហោ ពន្លឺថ្មី បណ្តាលឲ្យសម្ភារៈមួយចំនួន ដែលទុកនៅលើចិញ្ចើមផ្លូវសម្រាប់តាំងលក់ត្រូវខូចខាតទាំងស្រុងតែម្តង ។ ប៉ុន្តែចំពោះហេតុការណ៍នេះ ត្រូវបង្ក ហេតុបានវិលត្រឡប់ក្បាលមួយជុំបោកផ្ទប់ទៅនឹងរបងផ្ទះប្រជាពលរដ្ឋ ខូចខាតរថយន្តផ្នែកខាងមុខ នឹងខាងក្រោមយ៉ាងដំណំ តែសំណាងល្អមួយក្នុង១០០០សំណាង ដោយសារអ្នករួមដំណើរក្នុងរថយន្តចំនួន ២នាក់ មិនមានអ្នកណារងរបួសធ្ងន់ឡើយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានវាស់វែងស្ទូចយករថយន្តបង្កនេះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ។ ប៉ុន្តែម្ចាស់រថយន្តបង្កនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ ៕