ខេត្ដរតនគិរី ៖ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដរតនគិរីបានប្រដេញឃាត់រថយន្ដដឹកឈើប្រណីត១គ្រឿងម៉ាកតូយ៉ូតា១បាំងកន្លះ ករណីបង្ក្រាបពុំបានប្រគល់ទៅឱ្យជំនាញរដ្ឋបាលព្រៃឈើអនុវត្ដន៍បន្ដតាមនីតិវិធីទេ គឺមន្ដ្រីនគរបាលទាំងនោះបែរជាជំរិតបង្ខំឱ្យឈ្មួញរកស៊ីខុសច្បាប់បង់ប្រាក់ចំនួន១.០០០ដុល្លារជាថ្នូរនឹងការដោះលែងទៅវិញ ។ បានន័យថា មន្ដ្រីនគរបាលសេដ្ឋកិច្ចរូបនោះ ដើរតួជាមន្ដ្រីនគរបាលយុត្ដិធម៌បង្ក្រាបបទល្មើសដើរតួជាជំនាញរដ្ឋបាលព្រៃឈើ និងដើរតួជាមន្ដ្រីតុលាការដោយខ្លួនឯង ។ ករណីបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ខាងលើនេះត្រូវបានដោះលែង បន្ទាប់ពីម្ចាស់ឈ្មោះ ណុច ម៉ៅ ភេទប្រុស អាយុ៥០ឆ្នាំ យកប្រាក់មកប្រគល់ឱ្យមន្ដ្រីនគរបាលចំនួន២រូបដែលជំរិតទារប្រាក់ទី១-ឈ្មោះ គង់ ផាន់ និង២-ឈ្មោះ ឈាង សុភ័ក្ដ្រ។ដែលអ្នកទាំងនោះ គឺជាកូនចៅសំណព្វចិត្តលោក នូវ ដារ៉ា មេនគរបាលសេដ្ឋកិច្ចខេត្តរតនគិរី។