ទូរស័ព្ទ​ជា​ស្ពាន​ចម្លង ឲ្យ​លោក​បង ហៅ​ស្រី​ទៅ​ឆាន់​ព្រហ្មចារិយ៍​

, , Leave a comment

​ខេត្ត​កែប ៖ នាងក្រមុំ​អាយុ​១៨​ឆ្នាំ ម្នាក់​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​នាង​មាន​ផ្ទៃពោះ ៤​ខែ ។ ក្រោយ​បែកការណ៍​មាន​ផ្ទៃពោះ​ទើប​គេ​ដឹងថា មកពី​នាង​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​សង្ឃ​មួយអង្គ​គង់នៅ វត្ត​ព្រៃ​តា​កុយ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ។​ ​តាម​ការចេញមុខ​រៀប​របស់​នាងក្រមុំ​ដែល​ក្លាយ ខ្លួន​ជា​ម្តាយកូន​ក្នុង​ផ្ទៃ​បានឱ្យដឹងថា សង្ឃ​អង្គ​នោះ​តែង​បាន​និមន្ត​មកលេង​ផ្ទះ​ញឹកញាប់ ព្រោះ​ផ្ទះ​នាង និង​ផ្ទះ​ញោម​លោក​នៅក្បែរ​គ្នា ។ យោងតាម​សម្តី​នាង ហាន អ៊ាង អាយុ​១៨​ឆ្នាំ បាន​រៀបរាប់​ឱ្យ​កោះសន្តិភាព​ដឹងថា ដំបូង​ឡើយ​សង្ឃ​នាម សេង ឧ​ត្ត​ម មាន​ព្រះជន្ម​២១​ឆ្នាំ មាន​ម្តាយ​ឪពុក​នៅ​ភូមិ​ទួល​ស្រងាំ ជិត​ផ្ទះ​របស់​នាង​ដែរ ប៉ុន្តែ​ពេលដែល​សង្ឃ​អង្គ​នោះ​និមន្ត​មកលេង​ផ្ទះ​ញឹកញាប់​ក៏ បាន​ជិតស្និទ្ធ​នឹង​គ្នា ។ សង្ឃ​អង្គ​នោះ សុំ​លេខ​ទូរស័ព្ទ​នាង ហើយក៏​មានការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​អស់​រយៈពេល​ជិត​១​ឆ្នាំ ក៏បាន​ក្លាយជា​អណ្តាតភ្លើង​ស្នេហ៍​បន្តិច​ម្តងៗ រហូតដល់​សង្ឃ​នោះ​លួច​និមន្ត​មក​ទាំងយប់ កាត់​តាមផ្លូវ​វាង​មកដល់​ផ្ទះ​នាង​ចំនួន​៣​ដង និង​បានរួម​មេត្រី​ជាមួយគ្នា ។​

 

​នាង​និយាយថា សង្ឃ​នោះបាន​ហាម​នាង​ថា កុំ​បាច់​ប្រាប់​អ្នកណា​អី ចាំ​ខ្ញុំ​បំពេញ​កិច្ច​ជា​ភិក្ខុ​សិន ខ្លួន​នឹង​សឹក​មក​រៀបការ​នឹង​គ្នា ។ លុះ​ពេល​សង្ឃ​អង្គ​នោះ​បំពេញ​ភិក្ខុ​ហើយ មិនបាន​សឹក​មក​រៀបការ​នឹង​នាង​តាម​ការសន្យា​ស្នេហ៍​នោះទេ ។ នាង​បន្តថា នាង​បាន​និយាយប្រាប់​តាម​ទូរស័ព្ទ​ទៅ​សង្ឃ​នាម សេង ឧ​ត្ត​ម ថា ឥឡូវ​ខ្ញុំ​មាន​ផ្ទៃពោះ​ហើយ គិត​យ៉ាងម៉េច ? លោក​ក៏បាន​ទូរស័ព្ទ​ហៅ​នាង​ឱ្យ​មកជួប​ក្នុង​វត្ត​ព្រៃ​តា​កុយ ប្រគល់​ប្រាក់​ឱ្យ​នាង​៨​មុ​ឺ​ន​រៀល ដោយ​ជំរុញ​ឱ្យ​យក​កូន​ចេញ ។ ពេលដែល​ទទួល​លុយ​ពី​លោក​ហើយ នាង​ក៏​មក​ផ្ទះ​វិញ គិតថា​ទៅយក​កូន​ចេញ​ដែរ តែ​គ្រូពេទ្យ​ថា​មិនអាច​ធ្វើកើត​ទេ ។ នាង​ក៏​ប្រាប់​មក​លោក​វិញ បែរជា​សង្ឃ​អង្គ​នោះ​ថា បើ​យក​កើត​ឬ​មិន​កើតក្តី មិនដឹង​ទេ ក៏បាន​បិទ​លេខ​ទូរស័ព្ទ​ចោល និង​បាន​បដិសេធ​មិន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​ទៀតផង ។​

 

​អ្នកស្រី ង៉ែត អុង ជា​ជំនួយការ​ភូមិ​អំពេ​ង បាន​និយាយ​រឿង​នាង​មាន​ផ្ទៃពោះ​ជាមួយ​លោកសង្ឃ​នេះ​ថា ជា​រឿង​ពិត ព្រោះ​សង្ឃ​នាម សេង ឧ​ត្ត​ម នេះ​ឧស្សាហ៍​និមន្ត​មកលេង​ផ្ទះ​នាង ហាន អ៊ា​ង នេះ​ណាស់ ។ ស្ត្រី​ម្នាក់ទៀត​ឈ្មោះ សេង មុំ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​អំពេ​ង​និយាយ​ប្រាប់ថា សង្ឃ​នាម សេង ឧ​ត្ត​ម នេះ ពិតជា​បាន​ទាក់ទង​ជាមួយនឹង​នាង ហាន អ៊ាង មែន ក្រោយពី​ដឹងថា នាង​មាន​ផ្ទៃពោះ បែរជា​សង្ឃ​នោះ​មិន​ទទួលខុសត្រូវ ។​ ​អ្នកស្រី សេង រី អាយុ​៤២​ឆ្នាំ ត្រូវជា​ម្តាយ​និយាយថា គាត់​មិន​នឹកស្មានថា សង្ឃ​អង្គ​នោះ​មានគំនិត​មិនល្អ​ជាមួយ​កូនស្រី​គាត់​សោះ ។ ស្ត្រី​ជា​ម្តាយ​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ និង​អង្គការ​ផ្សេងៗ ជួយ​ដោះស្រាយ​រឿង​កូនស្រី​គាត់​ជាមួយ​សង្ឃ​នេះ​ផង ។​

 

​ជុំវិញ​បញ្ហា​ខាងលើនេះ​មិនទាន់​មានការ​ស្រាយ​បំភ្លឺ​ពី​ភាគី​ភិក្ខុ សេង ឧ​ត្ត​ម នោះទេ ។ ចំណែក​នាយ​នគរបាល​ប៉ុស្តិ៍​អ​ង្គោ​ល​ឱ្យដឹងថា រឿងអាស្រូវ​ថា​មាន​ផ្ទៃពោះ​ជាមួយ​សង្ឃ​គង់នៅ​វត្ត​ព្រៃ​តា​កុយ​នេះ ខាង​នគរបាល​មិនទាន់បាន​ចុះ​ធ្វើការ​នៅឡើយ​ទេ ទុកឱ្យ​ខាង​ធម្មការ​ស្រុក និង​ខេត្ត ធ្វើការ​សិន ព្រោះ​ពាក់ព័ន្ធ​កិច្ចការ​សាសនា ។ លោក មៀ​ច អែម ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត មានប្រសាសន៍​តាម​ទូរស័ព្ទ​យ៉ាងខ្លី​ថា រឿង​លោកសង្ឃ និង​នារី​មាន​ផ្ទៃពោះ​មិនទាន់​ពិត​ទេ តែ​ក្រោយមក​លោក​បញ្ជាក់ថា ចាំមើល​លោក​ចុះ​ស្រាវជ្រាវ​សិន ។ ទំនង​លោក​ប្រធាន​មន្ទីរ​និយាយ​ស្មាន​ទាំង​ប្រថុយ ព្រោះ​រឿងនេះ​បែកធ្លាយ​មួយ​ភូមិ​ទៅហើយ នៅតែ​លោក​ប្រធាន​ម្នាក់​ប៉ុណ្ណោះ​អត់​ទាន់​ដឹង ។ ម៉េច​ធ្វើការ​យឺត​ដូច​ដង្កូវបាក់ខ្នង​ម្ល៉េះ ? មិន​ខ្លាច​គេ​ថា​លោក​ជាម​ន្ត្រី​ជើង​ដប់​ទេ​ឬ ?

15-5-2014

 

Leave a Reply

(*) Required, Your email will not be published