រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ ខណៈដែលរថយន្តដឹកឥដ្ឋចំណុះ៥តោនបើកបរលើស្ពានព្រះមុនីវង្សថ្មីហើយដាច់ហ្វ្រាំងជ្រុលទៅបុករះម៉ូតូ៣គ្រឿង និងរថយន្ត២គ្រឿង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក KIA ពាក់ស្លាកលេខព្រៃវែង 3A-0228 បើកចុះស្ពានក្នុងទិសដៅពីលិចមកកើតដោយឆ្លងស្ពានព្រះមុនីវង្សថ្មី ឆ្ពោះទៅផ្លូវជាតិលេខ១ ប៉ុន្តែពេលចុះពីស្ពានហ្វ្រាំងមិនស៊ី ក៏បានជ្រុលទៅបុករះជាមួយអ្នកដំណើរក្នុងទិសស្របគ្នា បណ្តាលឲ្យម៉ូតូចំនួន៣គ្រឿង និងរថយន្ត២គ្រឿងទៀតខូចខាត ។ ចំណែកមនុស្សរួមដំណើរ៥នាក់បានរងរបួសធ្ងន់ស្រាល ។ ភ្លាមៗនោះដោយរថយន្តអស់ល្បឿនយុវជនបើករថយន្តបង្កបានរត់គេចខ្លួនដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង ព្រមទាំងយករថយន្ត ម៉ូតូភាគីរងគ្រោះ និងរថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយពេលក្រោយ ។ ចំណែកជនរងគ្រោះត្រូវបានដឹកទៅគ្លីនិកឯកជន ដើម្បីព្យាបាលរបួស៕