ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់កំពុងបើកបរម៉ូតូត្រូវ ត្រាក់ទ័រមួយគ្រឿងទៀតបើកបរដោយយុវជនទំនើងបើកបរព្រហើនខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ស្ថិតក្នុងភូមិ-ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្នោះ ណាំ រីណា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ បិតតែមឆ្នាំ២០១៣ ពណ៌ខ្មៅ ។
ប្រភពព័ត៌មានាពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេកើតហេតុគេបានឃើញត្រាក់ទ័រម៉ាក ហ្វត៧៦០០ ពណ៌ខៀវ មួយគ្រឿង ធ្វើដំណើរក្នុងលើផ្លូវជាតិក្នុងល្បឿនលឿនក្នុងទិសដៅពីកើត ទៅ លិច។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងក៏បានបន្ថែមល្បឿន និងឡើងជែងត្រាក់ទ័រមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះដែលកំពុងបើកបរច្រាសទិសគ្នាពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។ ចំណែកអ្នកបើកបរ ត្រាក់ទ័រ ក្រោយកើតហេតុក៏រត់បាត់ស្រមោលតែម្តង ។
ក្រោយ ពីសមត្ថកិច្ចនគរបាលចរាចណ៍វាស់វែង យកទ្រាក់ទ័រនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាន ស្រុកព្រះនេត្រព្រះ និងតាមស្រាវជ្រាវ រកជនបង្កមកដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសាកសពរងគ្រោះសមត្ថកិច្ចនគរបាលចរាចរណ៍ប្រគល់ឲ្យយទៅក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕