រាជធានីភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធបានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូយុវជនម្នាក់កាលពីវេលាម៉ោង២៣និង ៣០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៤នៅចំណុចមុខភោជនីយ៍ដ្ឋានយីហោបង្កងមាសស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះដែលត្រូវក្រុមចោរភ្ជង់ប្លន់នោះមានឈ្មោះ ឈួន សុភ័ក្រ ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុយុវជនរងគ្រោះខាងលើបានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AE-6541មកឈប់ត្រង់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មកឈប់ក្បែរជនរងគ្រោះហើយបានផ្ជង់គំរាមយកម៉ូតូ ហើយជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយកើតកើតហេតុសមត្ថកិច្ចដែលល្បាត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសាកសួរ។ ប៉ុន្តែជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ ដោយបានទូរស័ព្ទប្រាប់បងប្អូន ឲ្យជួយអន្តរាគមន៍ដើរសួនតាមកន្លែងបញ្ចាំម៉ូតូគ្រប់ទីកន្លែង។ លុះដល់ម៉ោង ១នឹង ៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៤ ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដ្ឋានឲ្យជួយអន្តរាគមន៍៕