ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាដ៏សកម្មត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលធ្វើការបង្ក្រាបកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ ត្រង់ ចំណុចភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បន្ទាប់ពីទទួលបានព័ត៌មាន។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អាន សុខលាង ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មានលំនៅក្នុងកន្លែងកើតហេតុខាងលើ ។ ក្រោយពីចាប់ឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានរកឃើញកាបូបស្ពាយ១បោះចោលខាងក្រៅផ្ទះ ថ្នាំញៀន១កញ្ចប់ទម្ងន់ ០,២០ក្រាម លុយ១៥ម៉ឺនរៀល កន្ត្រៃ១ ជញ្ជីងអេឡិចត្រូនិក១សម្រាប់ថ្លឹង និងឧបករណ៍មួយចំនួនទៀត ព្រមទាំងរកឃើញម៉ូតូឌ្រីមសង់ ស៊េរី២០១៤ ពណ៌ខ្មៅ១គ្រឿងទៀតដែលចាក់សោនៅក្នុងបន្ទប់ពុំមានឯកសារច្បាស់លាស់។
ក្រោយឆែកឆេររួចមក សមត្ថកិច្ចបាននាំជនសង្ស័យ និងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕