ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ឧសភា ឆ្នាំ២០១៤នៅលើផ្លូវជាតិលេខ៧១ ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមមានករណីគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយបង្ករឡើងដោយ រថយន្តយីឌុប ពាក់ស្លាកលេខ ៣បេ ៨៧៩២ (រថយន្តទទេ) បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បានបុក រថយន្តក្រុមអ្នកភ្លេង យ៉ាងពេញទំហឹង បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ និង៦នាក់ទៀតរបួសធ្ងន់និងស្រាល។
មន្ត្រីនគរបាលប៉ុស្តិ៍ ឃុំបុសខ្នុរ បានប្រាប់ឲ្យដឹងថា នៅវេលារំលងអាធ្រាតនោះ ក្រុមតន្ត្រីកោះសំរោង បន្ទាប់ពីបញ្ចប់ការលេងភ្លេង នៅស្រុកចំការលើ ក៏បានរៀបចំសម្ភារៈរថយន្តកូរ៉េ១តោនកន្លះ បើកត្រឡប់មកក្នុងទិសដៅ មកទីរួមខេត្តកំពង់ចាម ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តយីឌុប ពាក់ស្លាកលេខ ៣បេ ៨៧៩២ (រថយន្តទទេ) បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បានបុក រថយន្តក្រុមអ្នកភ្លេង យ៉ាងពេញទំហឹង និងរុញរថយន្តក្រុមអ្នកភ្លេង ប្រវែងជាង ៣០ ម៉ែត្រ ទើបអស់ល្បឿន បណ្តាលឲ្យអ្នកបើកបររថយន្ត ក្រុមតន្ត្រី និងអ្នកចំរៀងស្រី ២ នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ តែម្តង ។អ្នកស្លាប់ត្រូវបានគេស្គាល់១-ឈ្មោះ ស្រីរ័ត្ន អាយុប្រហែល២៥ឆ្នាំ ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។ ២-ឈ្មោះ ស៊ុន ឌីណា ភេទប្រុស អាយុជាង៣០ឆ្នាំ ជាថៅកែក្រុមភ្លេងឌីណាតារាតន្ត្រីភ្លេងសម័យ មានទីលំនៅ ភូមិ. ឃុំ កោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។៣-ឈ្មោះស្រីហ៊ីន អាយុប្រហែល២៨ឆ្នាំ រស់នៅ ស្រុកឆ្លូង ខេត្តក្រចេះ ។និង៤-ឈ្មោះ ស្រីយ៉ាន អាយុប្រហែល២១ឆ្នាំ អ្នកទាំង៣នាក់ស្លាប់នៅនឹងកន្លែង រស់នៅភ្នំពេញ ។ ចំណែកអ្នករងរបួស០៦នាក់ទៀតពុំទាន់ស្គាល់ឈ្មោះនៅឡើយ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ចំណែកអ្នកបើកបររថយន្ត យីឌុប រងរបួសធ្ងន់ដែរ ដោយសារជាប់ក្នុងកាប៊ីនរថយន្ត លុះព្រឹកឡើង ទើបសមត្ថកិច្ចរកមធ្យោបាយ ជួយយកចេញបាន ។ ហើយសពជនរង គ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានដឹក យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកចំការលើ ដើម្បីធ្វើការដោះស្រាយ ។
សូមបញ្ជាក់ថា ក្រុមតន្ត្រីខាងលើទើបត្រឡប់មកពីលេងនៅស្រុកចំការលើ នឹងធ្វើដំណើរទៅឃុំជប់ ស្រុកត្បូងឃ្មុំ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ៕