រាជធានីភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ បានបញ្ជូនខ្លួនគ្រូបោកម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធពីបទឆបោកប្រាក់ចំនួនមួយម៉ឺនដុល្លារអាមេរិកជាថ្នូរនឹងការរត់ការឡើងបុណ្យសក្តិ ហើយនៅថ្ងៃដដែលតុលាការបានចេញដីការឃុំខ្លួនគ្រូទាយម្នាក់និងបញ្ជូនទៅដាក់ពន្ធានាគារព្រៃស ។
គ្រូបោកម្នាក់នេះឈ្មោះទៀគឹម ហុង ភេទប្រុស អាយុ៥៥ឆ្នាំ ជាគ្រូទាយ រស់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បើតាមប្រភពព័ត៌មានពីការិយាល័យស្រាវជ្រាវនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោកបានសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លូនឈ្មោះ ទៀ គឹមហុងតាមដីការបញ្ជារបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
ការចាប់ខ្លួនគ្រូបោកនេះគឺបានធ្វើឡើងនៅ ថ្ងៃ ទី០៦ ឧសភា ២០១៤នៅក្នុងខេត្តបាត់ដំបងដែលជនសង្ស័យបានរត់គេចខ្លួនទៅទីនោះ ។ លោកនាយការិយាល័យបានបន្តទៀតថា ដើមចមដែលនាំមានការចាប់ខ្លួននេះ ដើមចមកាលអំឡុងខែតុលាឆ្នាំ២០១៣ ឈ្មោះ ទៀ គឹមហុង ដែលជាគ្រូទាយបានដើរអួតថា ខ្លួនជាជំនួយការថ្នាក់ដឹក នាំជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ ហើយបានទៅឆបោកមន្ត្រីថ្នាក់ក្រោមម្នាក់ថានិងធានាឱ្យម្ចាស់ ប្រាក់និងបានឡើងបុណ្យសក្តិមុខតំណែងខ្ពង់ខ្ពស់គ្រាន់តែចំណាយលុយ មួយម៉ឺនដុល្លារតែប៉ុណ្ណោះ។ ក្រោយពីបានប្រាក់មួយម៉ឺនដុល្លារហើយជននេះបានគេចមុខ មិនទាក់ទងជាមួយភាគីដើមបណ្តឹងសុម្បីតែដីការកោះហៅឱ្យចូលខ្លួន៣លើកក៏អត់ចូលដែរ ដូច្នេះបានជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីការ ឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅដែលនេះគេហៅថា គ្រូបោកអស់លក្ខ័នៅពេលបោកប្រាក់គេបានមួយម៉ឺនដុល្លារហើយរត់ចោលស្រុក។
គ្រូបោកពេលនេះគឺមិនអាចគេចពីការឃុំខ្លួនក្នុងពន្ធធនាគាបណ្តោះ អាសន្នបានឡើយព្រោះពេលនេះគ្មានប្រាក់មួយរៀលសងទៅដើមបណ្តឹងវិញ៕