រាជធានីភ្នំពេញ ៖ ស្នូរកាំភ្លើងបានលាន់ឡើងទាំងយប់ខណៈដែលជនទំនើងម្នាក់ដែលអាងខ្លួនជាមន្ត្រីនគរបាលប៉ុស្តិ៍អូស្សីទី២បានដក កាំភ្លើងខ្លីកា៥៩បាញ់ចំនួន២គ្រាប់ចូលទៅក្នុងផ្ទះផ្ញើរម៉ូតូ ក្នុងទំនាស់ពាក្យសម្តីបន្តិចបន្តួចកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចផ្ទះផ្ញើរម៉ូតូផ្ទះលេខ១៥៥ ផ្លូវលេខ១៦៩ ខាងក្រោយប៉ុស្តិ៍នគរបាលវាលវង់ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនបង្កដែលបាញ់បោះមានឈ្មោះ សោម រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីប៉ូលិសពាក់សក្កិ១ នៅប៉ុស្តិ៍នគរបាលអូឬស្សីទី២ ស្នាក់នៅផ្ទះទល់មុខផ្ទះផ្ញើរម៉ូតូ ចំណែកម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ មុំ កែវគង្គា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរផ្ញើរម៉ូតូស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ជនបាញ់បោះស៊េរីមានទំនាស់ពាក្យសម្តី ជាមួយជនរងគ្រោះរយៈពេលមួយខែកន្លះមកហើយ លុះដល់យប់កើតហេតុស្រាប់តែជនបង្ក អាងខ្លួនជាមន្ត្រីប៉ូលិសពាក់សក្តិ១បានឌឺដងដាក់ជនរងគ្រោះរួចបាន ដកកាំភ្លើងខ្លីម៉ាកកា៥៩ មួយដើមបាញ់សំដៅចូលក្នុងផ្ទះចំហៀងខាងឆ្វេងទ្វារធ្លុះចូលទៅ ក្នុងផ្ទះ ប៉ុន្តែសំណាងល្អមិន បណ្តាលឲ្យនរណាម្នាក់រងរបួសទេ គ្រាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីសម្លេងផ្ទុះអាវុធ ២គ្រាប់ជាប់គ្នា ។
បន្ទាប់ពីរួចហើយជនបង្កបានរត់ គេចខ្លួនបាត់ បន្សល់ទុកសំបកកាទុស្សនៅកន្លែងកើតហេតុ ត្រូវបានម្ចាស់ផ្ទះដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចតាមស្រាវជ្រាវ ចាប់ខ្លួនជនបង្កយកមកផ្តន្ទា ទោសតាមច្បាប់ ៕