រាជធានីភ្នំពេញ ៖ ក្រុមជាមេខ្យល់ជួញដូរព្រហ្មចារិយនារីវ័យក្មេង ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ ចាប់ខ្លួនក្នុងនោះជនជាតិតួកគីម្នាក់ និងជនជាតិខ្មែរ២នាក់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ខណៈដែលចុះឆែកឆេរផ្ទះសំណាក់ម៉ាលីស នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះមានជនជាតិតួគីម្នាក់ឈ្មោះ Adyin Goktepe អាយុ ៥១ឆ្នាំ និងជនជាតិខ្មែរ ២នាក់ ម្នាក់ ជាម្តាយបង្កើត ឈ្មោះ សាំង ធឿន អាយុ ៥៣ឆ្នាំ នៅសង្កាត់ស្ទឹងមានជ័យ និងមេខ្យល់ម្នាក់ទៀត ឈ្មោះ ខឿន ស្រីណែត អាយុ ២២ឆ្នាំ នៅសង្កាត់ផ្សារថ្មី៣ ។ ចំណែកនារីរងគ្រោះ២នាក់ ម្នាក់ឈ្មោះ ឡ.ហ និង យ.ធ។ ពួកគេទាំងពីរនាក់ទើបមានអាយុ ១៤ឆ្នាំប៉ុណ្ណោះ មានទីលំនៅក្នុងរាជធានីភ្នំពេញ។
ក្រោយពេលរំដោះចេញពីក្រញាំតណ្ហាជនជាតិតួកគី ក្មេងស្រី រងគ្រោះទាំងពីរត្រូវបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច ។ រីឯជនសង្ស័យទាំង៣ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕